ភ្នំពេញ:លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ ហ័ង ឈុង (Hoang Chuong) ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ អភិរក្ស និងជម្រុញវប្បធម៌ជនជាតិ វៀតណាម នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នាទីស្តីការក្រសួង។
លោក ហ័ង ឈុង បានមានប្រសាសន៍ថា គោលបំណងនៃដំណើរទស្សនៈកិច្ចរបស់លោកនាពេលនេះ គឺដើម្បីមកមើលនូវសមរភូមិដើម ដែលខ្លួនប្រយុទ្ធ ហើយក៏ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ របស់សមាគមមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។
លោកបានបន្តថា ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ខណៈកាលពីជាង៣០ឆ្នាំមុន នៅទីនេះពោរពេញទៅដោយសង្គ្រាម ប្រជាជនរស់នៅដោយភាពភិតភ័យ។
នៅក្នុងឱកាសនេះដែរ លោកជំទាវ ម៉ែន សំអន បានថ្លែងអំណរគុណចំពោះ មជ្ឈមណ្ឌលស្រាវជ្រាវអភិរក្ស និងជម្រុញវប្បធម៌ជនជាតិវៀតណាម ដែលបានបំពេញការងារយ៉ាងល្អប្រសើរជួយអភិរក្ស និងជម្រុញ វប្បធម៌ជនជាតិវៀតណាម ដើម្បីឲ្យប្រជាជនវៀតណាមស្គាល់ និងជួយថែរក្សាតម្លៃរបស់ជនជាតិភាគតិច ដែលក្នុងនោះ មានជនជាតិខ្មែរកម្ពុជាក្រោមជាច្រើនផងដែរ។ បេសកកម្មនៅពេលនេះ ពិតជាមានអត្ថន័យយ៉ាងខ្លាំង សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវ ដែលបានទស្សនាអតីតសមរភូមិនៅវៀតណាម ភាគខាងត្បូងនៅគូជី និងនៅកម្ពុជា។
លោកស្រីបន្តថា កម្ពុជា និងវៀតណាម ជាបងប្អូន ជាមិត្តរួមអាវុធ និងជាអ្នកជិតខាងដ៏ជិតស្និទ្ធ ដោយបានជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញទៅមក យ៉ាងស្មោះស្ម័គ្រ អស់ពេលដ៏យូរមកហើយ។ ក្នុងន័យនេះ លោកជំទាវអំពាវនាវឲ្យមានការថែរក្សា និងជំរុញសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសខេត្តដែលនៅជាប់ព្រំដែន។
លោកស្រីឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា សមាគមទាំងពីរបានដើរតួនាទី ធ្វើជាបេសកកម្មការទូតប្រជាជន ដើម្បីបំពេញបន្ថែមលើការងារផ្លូវការរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ដោយផ្តោតលើទំនាក់ទំនងរវាងប្រជាជន រវាងវប្បធម៌ នៃប្រទេសទាំងពីរ ជាពិសេស វប្បធម៌ជនជាតិភាគតិច ដើម្បីជម្រុញទំនាក់ទំនង រក្សាសន្តិភាព និងជម្រុញការងារមនុស្សធម៌នានា៕
មតិយោបល់