ព័ត៌មានជាតិ

ជនសង្ស័យ០២នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញឿននៅស្រុកកោះធំ ត្រូវបានចៅក្រមស៊ើុបសួរ ចេញដីកាឃុំខ្លួនបណ្តោះអាសន្ន

កណ្តាលៈ ជនសង្ស័យ ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅស្រុក កោះធំ ត្រូបានចៅក្រមស៊ើបសួរគឺលោក គឹម ម៉េង ចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ពីបទជួញដូរសារធាតុញៀនខុសច្បាប់។

ជនសង្ស័យទាំង០២ នាក់នោះ ទី១-ឈ្មោះ នី ស្នា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តាក់ស៊ី, ទី២ឈ្មោះ ចេង ចិត្រា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។ នៅក្នុងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ១/-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice )ចំនួន ១៧ កញ្ចប់(ធំ១,តូច១៥)+WYចំនួន០១កញ្ចប់ ។ ២/-ទូរសព្ទ័ចល័តចំនួន ០១ គ្រឿង។ ៣/-កញ្ចប់បារី៥៥៥ចំនួន០១។ ៤/-ដែកកេះ ០៥ និងទី៥/-និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន។

សូមជំរាបផងដែរថា កាលពីពេលវេលាម៉ោង ៤ និង៤០នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានចល័តល្បាតនៅក្នុងភូមិសាស្រ្តរបស់ខ្លួនគ្រប់គ្រង។ ពេលនោះដោយបានទទួលព័ត៌មានពីពលរដ្ឋគំរូថា មានការលក់គ្រឿងញៀនយ៉ាងសកម្មនៅចំណុចកើតហេតុខាងលើ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចនគរបាលយើងបានចុះដល់ចំណុចកើតហេតុខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យ ០១ នាក់ ឈ្មោះ នី ស្នា ភេទប្រុស ហើយបានរកឃើញ គ្រឿងញៀន(ម៉ាទឹកកកIce)ចំនួន០៤ កញ្ចប់តូចនៅជាប់និងខ្លួនជនសង្ស័យ។

តាមការសាកសួរបឋម ឈ្មោះ នី ស្នា បានឆ្លើយសារភាពថា បក្សពួករបស់គេម្នាក់ទៀតឈ្មោះ ចេង ចិត្រា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា គឺជាអ្នកកាន់ថ្នាំញៀនឲ្យខ្លួនដើម្បីយកទៅលក់ និងចែកចាយបន្តឲ្យគេ។ ភ្លាមនោះកម្លាំងជំនាញបានចុះស្រាវជ្រាវរហូតនៅចំណុចផ្ទះ ចេង ចិត្រា ក៏ឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ ចេង ចិត្រា បានតែម្តង។ រួចបាននាំខ្លួនជនសង្ស័យទាំងពីរអ្នក រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីការសាកសួរនិងស្រាវជ្រាវបន្ត។

ក្នុងការសាកសួរទៅលើឈ្មោះ ចេង ចិត្រា ពិតជាបានស៊ីឈ្នួលកាន់ថ្នាំញៀនឲ្យឈ្មោះ នី ស្នា យកទៅលក់ឲ្យអ្នកប្រើប្រាស់ប្រាកដមែន។ ចំណែកឈ្មោះ នី ស្នា បានសារភាពថាថ្នាំញៀនទាំងនោះ គឺខ្លួនបានទិញពីអ្នកលក់នៅម្តុំបឹងឈូក ក្រុងភ្នំពេញ ចំនួន៥ហ៊ុន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦មកម្លេះ មកដល់ពេលនេះលក់ចែកចាយមិនទាន់អស់ទេ នៅសល់១២កញ្ចប់(ធំ១កញ្ចប់)WYចំនួន០១កញ្ចប់ ដែលបានលាក់ទុកក្នុងកញ្ចប់បារី ទុកនៅក្នុងផ្ទះរបស់ខ្លួន។

លុះមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការបញ្ជាពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល បញ្ជាឲ្យឆែកឆេរផ្ទះរបស់ឈ្មោះ នី ស្នា ភ្លាមនោះ លោកអធិការដឹកនាំបញ្ជារចុះផ្ទាល់និងនាំឈ្មោះនី ស្នា ចុះឆែកឆេរ នៅចំណុចផ្ទះខាងលើ ហើយឈ្មោះនី ស្នា នាំសមត្ថកិច្ចចង្អុលបង្ហាញកន្លែងលាក់ថ្នាំញៀននិងរកឃើញមានថ្នាំញៀនចំនួន ១២កញ្ចប់ (ធំ១,តូច១១),WYចំនួន០១កញ្ចប់ ទុកក្នុងកញ្ចប់បារីនៅក្នុងផ្ទះខាងលើ៕

មតិយោបល់