បន្ទាយមានជ័យៈ ក្រុមក្មេងស្ទាវ២ក្រុមបើកម៉ូតូបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យក្មេងស្ទាវ៣នាក់ស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិភ្នំធំថ្មី ឃុំប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា មុនពេល កើតហេតុនោះ មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ផលិតនៅឆ្នាំ០១១ ពណ៌ខ្មៅពាក់ស្លាកលេខប៉ៃលិន1A.6821 បើកដោយឈ្មោះ លី សីឡី ប្រុសអាយុ២១ឆ្នាំរស់នៅភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឌុបឈ្មោះ ទីវ ជា ប្រុសអាយុ២០ឆ្នាំ និងឈ្មោះ ធី ប្រុស អាយុ២៤ឆ្នាំ អ្នកទាំង២រស់នៅ ខេត្តប៉ៃលិន បើកក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនរបៀបដូចម៉ូតូប្រណាំងលុះ បើកមកដល់ចំណុចកើតហេតុបានឡើងជែងនិងរថយន្តនៅខាងមុខក៏ជ្រុល ទៅបុកម៉ូតូ១គ្រឿងទៀតម៉ាកហុងដា ស៊ូម័រអ៊ិចផលិតនៅឆ្នាំ០១៦ ខ្មៅ គ្មានស្លាកលេខបើកដោយឈ្មោះ សល់ សិលា ប្រុសអាយុ២៤ ឆ្នាំរស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងទិសដៅច្រាសទិសគ្នាពេញទំហឹង លាន់ដូចរន្ទះបណ្តាលឲ្យឈ្មោះ លី សីឡី ឈ្មោះ សល់ សិលា ឈ្មោះ ធី ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។
ចំណែកឈ្មោះ ទីវ ជា របួសធ្ងន់ត្រង់ក្បាលត្រូវបានប្រជាពលរដ្ឋដឹកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមផងដែរ។ វត្ថុតាងម៉ូតូទាំង២គ្រឿង ខូចខាតធ្ងន់ ត្រូវបាននគរបាលយកមករក្សាទុកនៅអធិការនគរបាលស្រុកមង្គលបូរី ដើម្បីបន្តដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់