ភ្នំពេញៈ បុរសម្នាក់រួមដំណើរ និងព្រូបីនាក់ទៀត បានបើករថយន្តកូរ៉េ ដឹកមាន់បោះពួយយ៉ាងលឿន មកដល់ភ្លើងស្តុប មិនឈប់ទេ ជ្រុលទៅបុកម៉ូតូឌ្រីមសង់ និងរថយន្តកុងតឺន័រ ដែលកំពុងឈប់ស្តុបពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូខ្ទាតចេញរងរបួសធ្ងន់ ហើយរថយន្តកូរ៉េផុងជាប់កន្ទុយ រថយន្តកុងតឺន័រ ខណៈតៃកុងរថយន្តកៀបជាប់ស្លាប់មួយរំពេច។
ជនរងគ្រោះ (ស្លាប់) មានកូនក្នុងបន្ទុកគ្រួសារចំនួន ៦នាក់ មានស្រុកកំណើតនៅភូមិចាអោក ឃុំភ្នំតូច ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ប្រកបរបរដឹកមាន់នេះ ទើបតែបានមួយខែប៉ុណ្ណោះ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៣ និង១០នាទីយប់ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង កែងនិងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តកូរ៉េ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ.2AK4133 បើកដោយបុរសម្នាក់ រួមដំណើរនិងព្រូបីនាក់ដឹកមាន់ពេញ ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿន ទំនងតៃកុងងោកមួយភាំង បានជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសង់០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង.1M 8023 ជិះដោយបុរសម្នាក់ កំពុងឈប់ស្តុបនៅពីក្រោយរថយន្តកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ.3A 1968 ពេញទំហឹង បណ្ដាលឲ្យម្ចាស់ខ្ទាតចេញរងរបួសធ្ងន់ ចំណែករថយន្តកូរ៉េដឹកមាន់ផុងជាប់គូទ រថយន្តកុងតឺន័រ បណ្ដាលឲ្យតៃកុងកៀបជាប់ស្លាប់។
ចំណែកតៃកុងរថយន្តកុងតឺន័រ ក្រោយស្តុបលោតខៀវហើយ ក៏បើករថយន្តបត់មកតាមបណ្ដាយផ្លូវ៣០ម៉ែត្រ ដោយមិនបានដឹងថា រថយន្តកូរ៉េដឹកមាន់ជាប់គូទរថយន្តកុងតឺន័រនោះទេ បើកបានប្រមាណ១០០ម៉ែត្រ បានឈប់រថយន្តចុះគេចខ្លួនបាត់។
ក្រោយហេតុការណ៍ ម្ចាស់ម៉ូតូដែលរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។
ករណីនេះ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែង យករថយន្តបង្ក និងម៉ូតូរងគ្រោះ រួមទាំងរថយន្តកុងតឺន័រមួយគ្រឿងទៀត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់