ក្រុមបុគ្គលិកបម្រើការងារនៅផែស្ងួត សូ ងួន ជាច្រើននាក់ បានខ្សឹបមកប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា នៅក្នុងផែស្ងួត សូ ងួន នេះមានទំនិញដឹកតាមទូរកុងតឺន័រ មកដាក់នៅទីនេះច្រើនណាស់ ហើយទន្ទឹមនឹងនេះ មេគយដែលប្រចាំការត្រួតពិនិត្យនៅទីនោះ ត្រូវប៉ាន់យ៉ាងខ្លាំងផងដែរ ក្នុងមួយថ្ងៃៗ។
ប្រភពពីក្រុមបុគ្គលិកខាងលើ បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា មេគយដែលប្រចាំការនៅកំពង់ផែស្ងួត សូ ងួន នេះឈ្មោះ ក្តូវ ណុច និងមន្ត្រីគយក្រោមឱវាទបួនប្រាំនាក់ទៀត ដែលជាកូនចៅលោក ក្តូវ ណុច។ ប្រភពដដែល បានខ្សឹបប្រាប់បន្តថា ទំនិញដែលដឹកតាមកុងតឺន័រ យកមកដាក់នៅផែស្ងួត សូ ងួន នេះស្ទើរតែពាក់កណ្តាលនៃទំនិញនោះ សុទ្ធតែបង់ពន្ធមិនគ្រប់ និងទំនិញគេចពន្ធ ហើយម្ចាស់ទំនិញទាំងនោះ ត្រូវតែចូលខ្លួនទៅចរចាលុយកាក់ក្រោមតុជាមួយលោក ក្តូវ ណុច ជាមុនសិន ជាថ្នូរនឹងការមិនបើកទូររើកកាយ បើមិនអ៊ីចឹងទេ ទំនិញក្នុងទូរកុងតឺន័រ នឹងត្រូវរើកកាយចេញយកមកត្រួតពិនិត្យទាំងអស់ជាមិនខាន។
ក្រុមបុគ្គលិកបម្រើការងារនៅផែស្ងួត សូ ងួន បានខ្សឹបមកប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា ម្ចាស់ទំនិញដែលដឹកទំនិញបង់ពន្ធមិនគ្រប់ ដឹកតាមទូរកុងកុងតឺន័រយកមកដាក់នៅផែស្ងួត សូ ងូន នេះមានតែមេឈ្មួញមុខដដែលៗតែប៉ុណ្ណោះ និងសុទ្ធតែជាមេឈ្មួញ ដែលចេញចូលបន្ទប់លោកមេគយ ក្តូវ ណុច ដូចចេញចូលផ្ទះរបស់ខ្លួនទៅហើយ។ ប្រភពដដែលបានខ្សឹបទៀតថា ក្នុងមួយខែៗ លោកមេគយឈ្មោះ ក្តូវ ណុច ប្រចាំនៅផែស្ងួត សូ ងួន រូបនេះរកចំណូលបានរាប់សិបម៉ឺនដុល្លារអាមេរិច ហើយចំណូលទាំងនោះ ត្រូវធ្លាក់ចូលហោប៉ៅគាត់ជាងពាក់កណ្តាលទៅហើយ។ សកម្មភាពនេះ គេមិនដឹងថា លោកអគ្គនាយគយ និងរដ្ឋាករ និងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជ្រាបដែរឬអត់នោះទេ។
បើតាមមន្ត្រីនៅខេត្តត្បូងឃ្មុំ បានខ្សឹបមកប្រាប់នាយក្តាមប្រៃយើងឲ្យដឹងផងដែរថា លោក ក្តូវ ណុច ជាអតីមន្ត្រីគយស្រុកមេមត់ ហើយត្រូវបានថ្នាក់លើដកយកមកឲ្យធ្វើជាមេគយប្រចាំនៅផែស្ងួត សូ ងួន។ ប្រភពខ្សឹបប្រាប់ទៀតថា លោក ក្តូវ ណុច គាត់មិនព្រមបោះបង់អំពើល្មើសច្បាប់របស់ខ្លួននោះទេ គឺនៅតែជាប់ពាក់ព័ន្ធនឹងករណីឃុបឃិតជាមួយឈ្មួញមានអំណាចនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ផ្សេងៗដដែល។
ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីគយឈ្មោះ ក្តូវ ណុច ទៅដល់ទីណា ទីនោះប្រាកដជាមានបទល្មើសសេដ្ឋកិច្ចមិនខានឡើយ។ ប្រភពនៅបានខ្សឹបថា លោក ក្តូវ ណុច ជាអតីតមន្ត្រីគយស្រុកមេមត់ ហើយបច្ចុប្បន្នជាមន្ត្រីគយនៅផែស្ងួត សូ ងួន ធ្លាប់រងរឿងអាស្រូវច្រើនករណីណាស់កាលដែលមន្ត្រីគយខាងលើនេះ ធ្វើការនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រោះនៅគ្រានោះ មានករណីនាំចេញឈើប្រណីតទៅប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃ តាមច្រកទ្វារព្រំដែន ក្រោមការគ្រប់គ្រងរបស់លោក ក្តូវ ណុច។
ក្រោយមក លោក ក្តូវ ណុច មិនត្រឹមតែថ្នាក់លើដកមុខតំណែង ឬរងការស៊ើបអង្កេតពីមន្ត្រីជំនាញនៃអង្គភាពប្រឆាំងអំពើពុករលួយនោះទេ តែផ្ទុយទៅវិញ បែរជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកគយ តែងតាំងជាមេគយគ្រប់គ្រងនៅផែស្ងួត សូ ងួន ទៅវិញ ហើយក៏ជាគោលដៅដែលលោក ក្តូវ ណុច រកចំណូលពីការប្រព្រឹត្តអំពើពុករលួយ ជាមួយក្រុមឈ្មួញលើសដើមតែម្តង។
គេមិនដឹងថា លោកមេគយប្រចាំការនៅផែស្ងួត សូ ងួន រូបនេះ ក្នុងមួយខែៗ ជូនសំណែនទៅថ្នាក់លើប៉ុន្មាននោះទេ ទើបធ្វើឲ្យលោកអាចបន្តតំណែង និងបានមកកាន់កន្លែងខ្លាញ់ ដែលជាប្រភពចំណូលមិនចេះរីងស្ងួតយ៉ាងត្រជាក់ល្ហឹមដល់សព្វថ្ងៃនេះ។ បញ្ហាខាងលើនេះ ធ្វើឲ្យរងការរិះគន់យ៉ាងខ្លាំងពីមន្ត្រីគយជើងចាស់ធ្វើការច្រើនឆ្នាំមកហើយ តែគ្មានបានទទួលមុខតំណែងអ្វីឡើយ៕
មតិយោបល់