ព័ត៌មានជាតិ

Update: ក្រសួងសុខាភិបាលបញ្ជាឲ្យចាត់ការគ្រូពេទ្យ ចាក់ថ្នាំបណ្ដាលឲ្យ​មនុស្សស្លាប់​នៅស្វាយរៀង

ស្វាយរៀងៈ ក្រោយពីផ្ទុះរឿងពាក់ព័ន្ធនឹងករណីគ្រូពេទ្យដើរចាក់ថ្នាំតាមភូមិ បណ្ដាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយមានអាការៈមិនស្រួលខ្លួនហើយនោះ ក្រសួងសុខាភិបាលក៏បានប្រតិកម្ម និងបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធផ្តន្ទាទោសជនបង្កហេតុ។

យោងតាមលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងសុខាភិបាលបាន​បញ្ជាឲ្យនគរបាលយុត្តិធម៌នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង រួមសហការចាត់វិធានការចាប់ជនល្មើសបញ្ជូនទៅតុលាការ ដើម្បីធ្វើការសាកសួរ និងវិនិច្ឆ័យទោស។

សូមរំឭកថា ស្រ្តីវ័យចំណាស់ម្នាក់ បានបាត់បង់ជីវិត ក្រោយពេលគាត់មិនស្រួលខ្លួន ខណៈគ្រូពេទ្យតាមភូមិមកចាក់ថ្នាំ៣ម្ជុល កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិច្រកម្រាក ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

ករណីនេះ បើតាមការអះអាងពីកូនស្រី មុនពេលកើតហេតុម្តាយរបស់ខ្លួនឈ្មោះ ជេត សាខន អាយុ៦៦ឆ្នាំ មានអាការៈមិនស្រួលខ្លួន ពេលនោះឪពុកខ្លួនបានតេហៅគ្រូពេទ្យឈ្មោះ អៀក សារ៉ាន រស់នៅភូមិព្រៃក្រឡាញ់ ឃុំកំពង់ត្រាច ស្រុករមាសហែក ដើម្បីទៅពិនិត្យជំងឺ។ ក្រោយមក ពោលនៅម៉ោងប្រមាណ១២និង៣០នាទីត្រង់ថ្ងៃទី២ ខែតុលា គ្រូពេទ្យខាងលើ ក៏បានដល់ផ្ទះរបស់ខ្លួន ដោយបានយកឧបករណ៍វាស់ឈាមមកវាស់ជនរងគ្រោះជាម្ដាយ ហើយក៏បាននិយាយថា អ្នកជំងឺឡើងឈាមដល់ទៅ១៤ និងមានជំងឺបេះដូង ក្រពេះ។

កូនស្រីដដែលនិយាយទៀតថា ក្រោយពិនិត្យរួច គ្រូពេទ្យ អៀក សារ៉ាន បានទាញយកថ្នាំនៅក្នុងកាបូបមកបូម រួចក៏ចាក់ពីរម្ជុលទៅលើដៃខាងឆ្វេង ប៉ុន្តែពុំមានប្រតិកម្មអ្វីទេ បន្ទាប់មកទៀតគ្រូពេទ្យក៏បានបូមថ្នាំមួយម្ជុលទៀត ដើម្បីចាក់បន្តទៅលើសរសៃរដៃខាងស្តាំ គ្រានោះស្រាប់តែម្ដាយរបស់ខ្លួនមានអាការៈមិនស្រួល ដោយគាត់និយាយថា ដូចជារមាស់មាត់ និងហ៊ឹងត្រចៀកណាស់គ្រូពេទ្យ និងមានអាការៈទន់ខ្លួន និងដៃជើងបន្តិចៗម្តងរហូតដល់ម្ដាយរបស់ខ្លួនដាច់ខ្យល់ស្លាប់តែម្តង។

បើតាមកូនស្រីជនរងគ្រោះ ខណៈដែលម្តាយរបស់ខ្លួនស្លាប់បាត់បង់ជីវិតនេះ គ្រូពេទ្យខាងលើក៏មិនទាន់ទៅណាដែរ ហើយថែមទាំងបានជួយលើកសពឡើងលើផ្ទះ និងបានផ្តល់លុយចំនួន៣សែនរៀល សម្រាប់ជួយសម្រួលដល់ការធ្វើបុណ្យផងដែរ ហើយអះអាងថានិងជួយដោះស្រាយសំណងជូនគ្រួសារសព ហើយក៏ជិះម៉ូតូចេញទៅបាត់។

លោក ពេជ្រ ចាន់ដារ៉ា ប្រធានមណ្ឌលសុខភាពអង្គប្រស្រែបានប្រាប់ថា នៅព្រឹកថ្ងៃទី៣ ខែតុលានេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍អង្គប្រស្រែ និងមន្ត្រីជំនាញ បានចុះទៅពិនិត្យសព បន្ទាប់មកបញ្ជាក់ថា ពិតជាមានការចាក់ថ្នាំពីលោកគ្រូពេទ្យឯកជនឈ្មោះ អៀក សារ៉ាន លើជនរងគ្រោះពិតប្រាកដមែន ដោយបានបន្សល់ទុកសារាំងចាក់ថ្នាំ ព្រមទាំងដបថ្នាំនៅកន្លែងកើតហេតុ ហើយការប្រើប្រាស់ថ្នាំចាក់ទៅលើជនរងគ្រោះនេះពុំបានត្រឹមត្រូវ ទើបបណ្តាលស្លាប់បែបនេះ។

លោកបានបន្តថា គ្រូពេទ្យដែលចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់នៅភូមិច្រកម្រាកនេះ បានរត់គេចខ្លួនបាត់ហើយ ដោយសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួន ដើម្បីចាត់ការតាមច្បាប់។តាមរយៈលោកប្រធានមណ្ឌលសុខភាពអង្គប្រស្រែរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺត្រូវមកពិនិត្យនិងព្យាបាលនៅមណ្ឌលសុខភាពរឺមន្ទីរពេទ្យរដ្ឋដែលនៅក្បែលំនៅដ្ឋាន ជៀសវាងទៅស្វែងរកសេវាឯកជនដែលគ្មានជំនាញច្បាស់លាស់ ដែលជាហេតុនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតដូចករណីខាងលើនេះ៕

ចាក់ថ្នាំ៣ម្ជុុលស្លាប់ចាក់ថ្នាំ៣ម្ជុុលស្លាប់ចាក់ថ្នាំ៣ម្ជុុលស្លាប់ចាក់ថ្នាំ៣ម្ជុុលស្លាប់ចាក់ថ្នាំ៣ម្ជុុលស្លាប់

មតិយោបល់