ភ្នំពេញ:មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានអះអាងថា ដើម្បីភាពងាយស្រួលក្នុងវិស័យធនាគារ ធនាគារជាតិនៃកម្ពុជាគ្រោង នឹងដាក់អនុវត្តគម្រោងប្រព័ន្ធទូទាត់ សងប្រាក់តម្លៃរាយនៅក្នុងត្រីមាសទី២ឆ្នាំ២០១៦នេះ។
លោកស្រី គាំ គណ្ឋា អគ្គនាយករងបច្ចេកទេស ធនាគារជាតិកម្ពុជា បានលើកឡើង នៅក្នុងសិក្ខាសាលាស្តីពី ការអភិវឌ្ឍប្រព័ន្ធទូទាត់ និងប័ណ្ណទូទាត់នៅកម្ពុជា ផ្អែកតាមចំណេះដឹង និងបទពិសោធន៍របស់ប្រទេសកូរ៉េ នាព្រឹកថ្ងៃទី២៧ ខែមេសា នៅសណ្ឋាគារ សាន់វ៉េ ថា បន្ទាប់ពីមានការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជាមួយធនាគារកណ្តាលកូរ៉េ លើកាអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់តម្លៃរាយនៅកម្ពុជាមក ធនាគារជាតិ នៃកម្ពុជាគ្រោងនឹងដាក់អនុវត្តគ្រោងនេះនៅក្នុងត្រីមាសទី២ឆ្នាំនេះតទៅ។
លោកស្រីថា គម្រោងទាំងនេះមានដូចជាៈ Real Time Fund Transfer System , Mobile Banking System , Shared ATM System និង Shared POS system ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ប្រព័ន្ធបង្កើតក្របខណ្ឌគតិយុត្តិ និងការកសាងសមត្ថភាពបុគ្គលិក។
អគ្គនាយករងរូបនេះ បានបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈ ប្រយោជន៍ណាស់សម្រាប់មន្ត្រីធនាគារជាតិ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីរួមចំណែកក្នុងការរៀបចំប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជា ឲ្យមានសុវត្ថិភាព និងការពារផលប្រយោជន៍អតិថិជន។ បច្ចុប្បន្នប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជា ពិសេសការទូទាត់ជាប្រព័ន្ធអេឡិចត្រូនិក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និង បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងជួយជំរុញ បរិយាយប័ណ្ណ ហិរញ្ញវត្ថុនៅកម្ពុជាទៀតផង។
លោកស្រី បន្ថែមថា ការប្រកួតប្រជែងក្នុងប្រព័ន្ធធនាគារនិង ការរីកចម្រើននៃ បច្ចេកវិទ្យាបានជំរុញ និងផ្តល់ឱកាសឲ្យគ្រឹះស្ថានធនាគារដាក់ឲ្យប្រើប្រាស់សេវា និងឧបករណ៍ទូទាត់ថ្មីៗ ជាច្រើន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរ យ៉ាងឆាប់រហ័សក្នុងវិស័យធនាគារ និង កំណើននៃការធ្វើពាណិជ្ជកម្មជាអេឡិចត្រូនិច។ គិតត្រឹមឆ្នាំ២០១៥ គ្រឹះស្ថានធនាគារជាតិបានចេញប័ណ្ណឥណទានចំនួន៣៨.៥១០ ប័ណ្ណឥណពន្ធចំនួន១.៤៣៥.៣៩៥ ព្រមទាំងដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិចំនួន១.០៨១និងម៉ាស៊ីន POS ចំនួន៦.០៦០ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការដក និងដាក់សាច់ប្រាក់ ទូទាត់វិក្កយបត្រ ទូទាត់ការទិញទំនិញ និងមានគ្រឹះស្ថានធនាគារមួយចំនួនទៀតបានផ្តល់សេវា Internet Banking និងសេវាទូទាត់តាមទូរស័ព្ទចល័ត ដោយផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អតិថិជនរបស់ខ្លួន ។
លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលស្គាល់នូវការផ្តល់សេវាហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាថា មានការរីកចំរើន ហើយកំពុងដើរតួសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ធនាគារនៅ កម្ពុជានិងនៅលើពិភពលោក ។ ដោយសារភាពរីកចំរើននៃប្រព័ន្ធបច្ចេកវិទ្យា ប្រព័ន្ធអេឡិច ត្រូនិច ទើបរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំធ្វើបច្ចុប្បន្នកម្មឯកសារយុទ្ធសាស្ត្រលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់បញ្ចូលនូវកម្មវិធីគោលនយោបាយដើម្បីបន្តការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ កាអភិវឌ្ឍន៍ក្របខណ្ឌបទបញ្ញត្តិ ដែលពាក់ព័ន្ធ និង សេវាទូទាត់ ការពង្រឹងសមត្ថភាពគ្រប់គ្រងនិងការត្រួតពិនិត្យការទូទាត់សាច់ប្រាក់ ចំពេលដែលធ្វើបច្ចុប្បន្នកម្មលើប្រព័ន្ធធនាគារនៅកម្ពុជា៕
មតិយោបល់