កណ្ដាលៈ ក្រោមការរឹតបន្តឹង បង្ការ និងបង្ក្រាបរាល់បទល្មើសឆ្លងដែន សត្វសំពោចរស់ចំនួន៣៥ក្បាល ត្រូវបានសង្គ្រោះពីកណ្ដាប់ដៃឈ្មួញទុច្ចរិត ខណៈដែលឈ្មួញព្យាយាមលួចលាក់យកទៅលក់នៅប្រទេសវៀតណាម។
បើតាមលោក មួង ដារ៉ា ប្រធានការិយាល័យគយប្រចាំច្រកជ្រៃធំ ឲ្យដឹងថា សត្វសំពោចរស់ទាំងនេះ ត្រូវឈ្មួញលួចលាក់ចរាចរទៅលក់នៅប្រទេសវៀតណាម តាមច្រកជ្រៃធំ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចរបស់លោកបង្ក្រាបបាន កាលពីវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ទោះជាយ៉ាងណា សត្វសំពោចទាំង៣៥ក្បាល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជផងនោះ ត្រូវសមត្ថកិច្ចគយច្រកជ្រៃធំ ប្រគល់ជូនដល់អង្គការអភិរក្សសត្វព្រៃ Wildlife Alliance ហើយនៅថ្ងៃ២០ ខែតុលានេះ ដើម្បីយកទៅអភិរក្ស។ នេះបើតាមការបញ្ជាក់របស់លោក មួង ដារ៉ា៕
មតិយោបល់