អ៊ីរ៉ាក់ៈ របាយការណ៍យោធារុស្ស៊ី បានឲ្យដឹងថា ការវាយប្រហារដែនអាកាស ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតំបន់ជនបទ ក្នុងទីក្រុង Mosul បានបណ្ដាលឲ្យជនស៊ីវិលជាង ៦០ នាក់ស្លាប់ និង ២០០ នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។
លោក Gen. Sergey Rudskoy ប្រធានប្រតិបត្តិការផ្នែកបុគ្គលិកទូទៅរុស្ស៊ី កាលពីថ្ងៃអង្គារ បាននិយាយថា ការវាយប្រហារជាច្រើនរបស់ក្រុមចម្រុះ ដឹកនាំដោយអាមេរិក បានកំណត់គោលដៅចំតំបន់លំនៅដ្ឋាន សាលារៀន និងកន្លែងជាច្រើនទៀតរបស់ជនស៊ីវិល ក្នុងនោះរួមទាំងនៅទីក្រុង Mosul និងផ្នែកផ្សេងទៀតនៃទីក្រុង Nineveh របស់អ៊ីរ៉ាក់ផងដែរ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារ កំណត់គោលដៅលើ ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលនៅទីក្រុង Mosul ខណៈដែលអង្គការផ្តល់ជំនួយ បានព្រមានថា ការវាយប្រហារនេះ អាចបង្ខំឲ្យមនុស្សរាប់រាប់ពាន់នាក់ រត់ភៀសខ្លួនចេញពីទីក្រុង ដោយសារភាពភ័យខ្លាច៕
មតិយោបល់