ភ្នំពេញៈ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ដ៏ធំបំផុត ត្រូវបានចាប់ផ្ដើមសកម្មភាពពីថ្ងៃទី២៥ ខែតុលា តទៅ ប៉ុន្ដែមិនទាន់មានការប្រកួតនៅឡើយទេ គឺគ្រាន់តែជាការជួបជុំនៅទីតាំងប្រកួត និងផ្គូរផ្គងគូប្រកួតប៉ុណ្ណោះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមទស្សនាគាំទ្រឲ្យបានច្រើនកុះករ ពិសេសគឺពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី២៨ ខែតុលាខាងមុខនេះ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា “នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ហើយក៏ជាការរៀបចំដ៏សំខាន់ ដើម្បីត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games ឆ្នាំ២០២៣។ ពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី២៨ ខែតុលា នឹងធ្វើឡើងយ៉ាងអធិកអធមបំផុត ដូចជាការប្រគំតន្រ្ដីចូលរួមដោយតារាល្បីៗប្រចាំកម្ពុជា ការបង្ហាញនូវក្បួនពិធីបើករបស់ក្រុមកីឡា និងក្រសួងវប្បធម៌ ការរត់ភ្លើងគប់ ការលោតឆត្រយោង ការបំពាក់ភ្លើងពណ៌ស្ដង់ដាអន្ដរជាតិ ការបាញ់កាំជ្រួចជាក្បួនត្រឹមត្រូវ និងទិដ្ឋភាពប្លែកៗជាច្រើនទៀត”។
លោក ថោង ខុន បញ្ជាក់ថា ពិធីបើកនឹងធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អមដោយមន្ដ្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងតំណាងកីឡាទូទាំងរាជធានី-ខេត្ត ដែលត្រៀមប្រកួតទៀតផង។ ដូច្នេះលោកអំពាវនាវជាថ្មីម្តងទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាប និងចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាជាតិ ដែលកំពុងតែរីកចម្រើន ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា ហើយការចូលរួមនេះមិនតម្រូវឲ្យមានការបង់ប្រាក់អ្វីឡើយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្រនេះនឹងធ្វើឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានកីឡា១៥ប្រភេទ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់ដាក់ឲ្យប្រកួត ក្នុងនោះរួមមាន៖ កីឡាអត្តពលកម្ម ហែលទឹក ប៉េតង់ បាល់ទាត់ បាល់ទះ បាល់បោះ តេក្វាន់ដូ ចំបាប់ ប្រដាល់ក្បាច់គុនបុរាណខ្មែរ វាយកូនឃ្លីលើតុ វាយសី វាយកូនបាល់ សូរិនហ្សិកាំប៉ូ កាយសម្ព័ន្ធ និងកីឡាល្បុក្កតោ ដោយគ្រោងចំណាយថវិការៀបចំប្រមាណ១លានដុល្លារ៕
មតិយោបល់