ភ្នំពេញៈ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក ខណៈពេលដែលម្ចាស់មិននៅផ្ទះ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្លូវបេតុង ក្រុម៩ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ ប្រាក់ ប្រាថ្នា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មន្ត្រីនគរបាលជាតិ និងប្រពន្ធឈ្មោះ ឈិន ចាន់ដា អាយុ ៣០ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដោយសារតែម្ចាស់ផ្ទះបានចាក់សោទ្វារផ្ទះ ទៅដើរលេងនៅកំពង់សោម លុះដល់វេលាម៉ោង ៨និង៣០នាទីព្រឹក គេបានឃើញមានផ្សែងហ៊ុយៗចេញពីផ្ទះខាងលើ ហើយប្រជាពលរដ្ឋនៅទីនោះ បានរាយការណ៍ទៅប្រាប់សមត្ថកិច្ច។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការក្រុង និងរថយន្តពន្លត់របស់សាលាខណ្ឌឬស្សីកែវ ឲ្យចេញជួយអន្តរាគមន៍បាញ់ពន្លត់។
នៅក្នុងកិច្ចប្រតិបត្តិការអន្តរាគមន៍បាញ់ពន្លត់នេះដែរ យើងសង្កេតឃើញថា មានការចូលរួមដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីសាលាខណ្ឌ ចុះជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។
លុះដល់ម៉ោងប្រមាណជា ៩និង២០នាទីព្រឹក អគ្គិភ័យដែលបានឆាបឆេះផ្ទះខាងលើនេះ ត្រូវបានបាញ់រលត់ទាំងស្រុង ដោយនៅក្នុងប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការក្រុង ១គ្រឿង និងរថយន្តរបស់សាលាខណ្ឌ ២គ្រឿង ដោយករណីខាងលើនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕
%e1%9e%82%e1%9f%92%e1%9e%82%e1%9e%b7%e1%9e%97%e1%9f%90%e1%9e%99-1″ width=”1000″ height=”563″ class=”alignnone size-full wp-image-91595″ />
មតិយោបល់