ភ្នំពេញៈ បញ្ហាគ្រឿងញៀនកំពុងតែរាតត្បាត ហើយចរាចរគ្រប់ច្រកល្ហកស្ទើរពាសពេញផ្ទៃប្រទេសកម្ពុជា ដែលសូម្បីតែនៅទីជនបទដាច់ស្រយ៉ាលក៏មានគ្រឿងញៀនដែរ។ បញ្ហាមួយនេះ កំពុងបង្កផលប៉ះពាល់ដល់គ្រួសារ និងសង្គមកម្ពុជា ឲ្យបាត់បង់កិត្តិយស បំផ្លាញទ្រព្យសម្បត្តិ អំពើហិង្សា អំពើឆក់ប្លន់ បទឧក្រិដ្ឋ និងអំពើអសីលធម៌ផ្សេងៗ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា បញ្ហាគ្រឿងញៀននៅតែជាក្ដីកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងជាពិសេសបំផុត គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហានេះ។ លោកបន្តថា នៅពេលខាងមុខឆាប់ៗនេះ ក្រសួងមហាផ្ទៃ នឹងមានយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែលមានផែនការជាក់លាក់។
ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារខែតុលា ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ឲ្យដឹងថា ក្នុងខែតុលានេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន១១២ករណី ព្រមទាំងឃាត់ខ្លួនជាង៣០០នាក់។ ជាមួយគ្នា លោកបានជំរុញឲ្យមន្ត្រីនគរបាលទាំងអស់ ត្រូវពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ឲ្យបានខ្លាំងខ្លាជាប់ជាប្រចាំ និងមានប្រសិទ្ធភាព។ លោកស្នងការក៏ស្នើឲ្យការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការតាមដាន និងរាយការណ៍អំពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបដែលធ្វើបាន ព្រមទាំងបញ្ហាប្រឈមលើការអនុវត្តន៍ការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ខណ្ឌទាំង១២ ជូនគណៈស្នងការ ដើម្បីរៀបចំផែនការ និងគោលការណ៍ដឹកនាំបន្តផងដែរ។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន មាត្រា៤៥ បានចែងថា ជនណាដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនតាមគ្រប់រូបភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១សែន ដល់១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី១ ទៅ២លានរៀល។
ចំពោះការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជនល្មើសនឹងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី២ ទៅ៥ឆ្នាំ និងអាចត្រូវពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។ បើសិនជាបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ អ្នកប្រព្រឹត្តអាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី៥ ដល់២០ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ដល់៤០លានរៀល អាស្រ័យទៅតាមស្ថានទម្ងន់ទោស។
គួរជម្រាបថា ប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ ក្នុងខែតុលា ឆ្នាំ២០១៦នេះ កម្លាំងសមត្ចកិច្ចនគរបាល បានធ្វើការបង្ក្រាបចំនួន១១២ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៣៣០នាក់ (ជនជាតិវៀតណាម៣នាក់) និងចាប់យកវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទម្សៅពណ៌ស ចំនួន១១កញ្ចប់ធំ និង៣៤កញ្ចប់តូច ជញ្ជីងថ្លឹង៥គ្រឿង ម៉ូតូ៧៦គ្រឿង ទូរស័ព្ទដៃ២៥គ្រឿង អាវុធ១ដើម កាំបិត២ដើម និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀត។ ជនសង្ស័យ រួមនឹងវត្ថុតាងទាំងអស់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់