ព្រៃវែងៈ ប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងចំនួន១៥នាក់ បានភ្ញាក់រលឹកយកកាំភ្លើងកែឆ្នៃ(កាំភ្លើងស្នប់) ប្រគល់ឲ្យសមត្ថកិច្ចនគបាលប៉ុស្តិ៍ជ្រៃ។
ដោយមានការសហការជាមួយនឹងសមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋចំនួន១៥នាក់ ដែលរស់នៅក្នុងភូមិត្រពាំងរេចំនួន១១នាក់ ស្មើនឹងកាំភ្លើងកែច្នៃ១១ដើម រស់នៅភូមិជ្រៃចំនួន៣នាក់ ស្មើនឹង៣ដើម និងមកពីភូមិព្នៅចំនួន២នាក់ ស្មើនឹង២ដើម។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចប៉ុស្តិ៍ជ្រៃបានឲ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋដែលមានកាំភ្លើងកែច្នៃ(កាំភ្លើងខ្យល់) ទាំងអស់ត្រូវតែសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដោយប្រមូលយកកាំភ្លើងកែច្នៃយកមកប្រគល់ឲ្យសមត្ថកិច្ចរួចមក ប្រជាពលរដ្ឋមានការភ្ញាក់រលឹក និងបានយកកាំភ្លើងកែច្នៃមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍សរុបបានចំនួន១៥ដើម។
សមត្ថកិច្ចបានបន្តទៀតថា ទាំងនេះគឺជាការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការទប់ស្កាត់ការរាលដាលបទល្មើសផ្សេងៗ និងដើម្បីរក្សាសន្តិសុខសុវត្ថិភាពសង្គម ចូលរួមចំណែកអនុវត្តន៍នៃគោលនយោបាយភូមិឃុំមានសុវត្តិភាពសម្រាប់ប្រជាពលរដ្ឋរស់នៅ៕
មតិយោបល់