ភ្នំពេញ: មានករណីបុរសម្នាក់បើករថយន្ត ម៉ាកហាយឡែនឌឺ អត់ឈប់ស្តុប ក៏ជ្រុលចង្គូតទៅបុករះម៉ូតូ៤គ្រឿងដែលកំពុងឈប់ស្តុប បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាល ហើយបន្តទៅប្រលះស្លាកប៉ានណូ របស់សាលារាជធានីភ្នំពេញចំនួនមួយ។ ហេតុការណ៏នេះកើតឡើងកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលនាងគង្ហីង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលបើករថយន្ត ហាយឡែនឌឺ ពាក់ស្លាកលេខភ្នំពេញ2H-0964 ទើបតែចេញមកពីហូបចុក ជួបជុំគ្រួសារក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីចិន។ បន្ទាប់អ្នកបើកបរក៏ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុ រូបគាត់ក៏ជ្រុលចង្គូត ហើយក៏ទៅប៉ះនិងម៉ូតូ៤គ្រឿងបើកបរដោយមនុស្សបួននាក់ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់។ បន្ទាប់ពីកើតហេតុភ្លាម អ្នកបើកបរ ក៏ព្រមទទួលខុសត្រូវគ្រប់បែបយ៉ាង ដើម្បីធ្វើការសម្របសម្រួល។
បច្ចុប្បន្នបន្ទាប់ធ្វើវាស់វែងរួច រថយន្តបង្ក និងម៉ូតូរងគ្រោះទាំង៤គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយទៅតាមនិតីវិធីច្បាប់៕
មតិយោបល់