ភ្នំពេញៈ កម្ពុជា បើទោះជាទទួលបានជោគជ័យក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល ការឆ្លងមេរោគអេដស៍យ៉ាងណាក្ដី ប៉ុន្តែសញ្ញាណនៃការឆ្លងថ្មី ក៏ត្រូវបានរកឃើញជាមធ្យមថា បានឆ្លងដល់មនុស្ស២នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្ត្រី អៀង មូលី ថ្លែងប្រាប់អ្នកសារព័ត៌មានថា បើទោះជាប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាសកលថា ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍យ៉ាងណាក្ដី ប៉ុន្តែហានិភ័យនៅតែមានខ្ពស់ដដែល ដែលអាជ្ញាធរជាតិមិនអាចបន្ធូរដៃ ហើយត្រូវខិតខំប្រឹងប្រែងខ្លាំងឡើងបន្ថែមទៀត ដូចគ្រាទស្សវត្តន៍ឆ្នាំ១៩៩០។ លោកបញ្ជាក់ថា ហានិភ័យក៏ព្រោះតែក្នុងចំណោមអ្នកផ្ទុក និងមានជំងឺអេដស៍ប្រមាណជាង៧ម៉ឺន៤ពានាក់ នៅទូទាំងប្រទេស ខណៈដែលអ្នកមកទទួលសេវាព្យាបាលមានតែជាង៥ម៉ឺន៥ពាន់នាក់ប៉ុណ្ណោះ ហើយនៅសេសសល់ប្រមាណជាង១ម៉ឺន៩ពាន់នាក់ទៀត មិនទាន់ឃើញមកទទួលសេវា បូករួមទាំងកំសោយក្នុងការផ្ដល់សេវាសុខាភិបាលនៅទីជនបទទៀតនោះ អាចបង្កឲ្យការឆ្លងមេរោគថ្មីជារៀងរាល់ថ្ងៃ។
សញ្ញាណនៃការឆ្លងមេរោគថ្មីនេះ លោក អៀង មូលី បាននិយាយបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរជាតិរកឃើញថា ក្នុងមួយថ្ងៃមានអ្នកឆ្លងមេរោគអេស៍ថ្មី២នាក់ ដែលអត្រានេះនៅថេរដដែល បើធៀបនឹងឆ្នាំ២០១៥កន្លងទៅ ដែលនេះជាក្ដីបារម្ភអាចបង្កឲ្យមានហានិភ័យខ្លាំង។ លោកបញ្ជាក់ថា «និយាយឲ្យខ្លីថា ក្នុងមួយថ្ងៃមានមនុស្សថ្មីឆ្លង២នាក់ បើនិយាយពីអត្រាហ្នឹង គឺយើងនៅនឹង ប្រៀបធៀបពីឆ្នាំ២០១៥ គឺនៅអត់ទាន់មានចុះទេ ប៉ុន្តែខ្ញុំបារម្ភក្រែងលករណីថ្មីៗ ដូចជារឿងពាម ដូចជារឿងរការ អាចផ្ទុះនៅកន្លែងណាមួយ ចឹងហើយនេះជាហានិភ័យ»។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យដឹងថា ក្រុមប្រជាជនប្រឈមមុខខ្ពស់នៃការឆ្លងមេរោគអេដស៍នៅកម្ពុជា មានក្រុមបុរសរួមភេទជាមួយបុរស (MSM) អ្នកធ្វើការនៅកន្លែងសេវាកម្សាន្ត និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលមានប្រមាណ១៣០០០នាក់ ក្នុងនោះអ្នកប្រើប្រាស់ដោយការចាក់មានប្រមាណជា១៣០០នាក់។ រីឯអត្រាឆ្លងមេរោគអេដស៍សម្រាប់អ្នកប្រើប្រាស់ដោយចាក់ មានប្រមាណ២៤,៨% និងអ្នកប្រើប្រាស់ដោយជក់ ហិត ។ល។ មានប្រមាណ៤%។ អ្នកសេពគ្រឿងញៀនម្នាក់ ក្នុងចំណោម៥នាក់ មានផ្ទុកមេរោគអេដស៍។
ទោះជាងយ៉ាងណា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏សម្ដែងក្ដីបារម្ភផងដែរ ខណៈដែលរបាំងប្រពៃណីត្រូវបានកាត់បន្ថយ ដែលបច្ចុប្បន្នគេសង្កេតឃើញក្មេងស្រីអាយុ១៣ឆ្នាំ អាចប្រឡូកក្នុងការរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យ ហើយអ្នកផ្ទុកជំងឺអេដស៍មិនមកទទួលសេវាព្យាបាល ព្រមដោយការជឿទុកចិត្តរបស់ប្រជាជនថា កម្ពុជា ទទួលជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ទើបលែងប្រើស្រោមអនាម័យរាល់ពេលរួមភេទ នឹងអាចបង្កជាហានិភ័យសម្រាប់កម្ពុជា ទៅអនាគត៕
មតិយោបល់