ព្រះសីហនុៈ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆាំ្ន២០១៦ កម្លាំងការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន បានបញ្ជូនខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ឋទៅនឹងករណីជួញដូរគ្រឿងញៀន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ។
លោកវរៈសេនីយ៍ត្រី ឆេង វុទ្ឋី ប្រធានមន្ទីរយុត្តិធម៌នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ២និង៤៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្ត បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចក្រុមទី២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
លោកបន្តថា ករណីនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១ឈ្មោះ ដួង តាយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតសង្កាត់ច្បារអំពៅ បច្ចុប្បន្ន រស់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងទី២ឈ្មោះ អោម សុផាន់ណារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅ ក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ចំណែកវត្ថុតាង ដកហូតបាន ម្សៅសថ្លាចំនួន១កញ្ចប់តូចស្មើនឹង០.២៤ក្រាម នាឡិកាដៃ១។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត៕
មតិយោបល់