ភ្នំពេញៈ “អ្នកអាចភ្លេចអេដស៍ ប៉ុន្តែអេដស៍ មិនដែលភ្លេចអ្នកឡើយ” នេះ គឺជាសារអប់រំមួយក្នុងចំណោមសារជាច្រើន ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការផ្សព្វផ្សាយ និងបញ្ច្រាបដល់សិល្បៈករ សិល្បៈការិនី សម្រាប់ធ្វើការផ្សព្វផ្សាយបន្តក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ប៉ុន្តែទោះជាយ៉ាងណា អ្នកផ្ទុកមេរោគនេះមួយចំនួននៅតែគេចវេសមិនទទួលសេវាព្យាបាល ខណៈដែលអត្រានៃអ្នកឆ្លងមេរោគថ្មីកើតមានជារៀងរាល់ថ្ងៃនោះ កំពុងបង្កជាហានិភ័យ និងក្ដីបារម្ភយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាល។
ទោះជាយ៉ាងណា ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងមេរោគថ្មីបន្ថែមទៀត ជាពិសេសក្នុងឱកាសនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ បានរៀបចំសិក្ខាសាលាស្ដីពីការបញ្ជ្រាបសារអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់សិល្បៈករ និងអ្នកសារព័ត៌មានប្រមាណជាង១០០នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២។
ក្នុងចំណោមសារអប់រំជាច្រើន “អ្នកអាចភ្លេចអេដស៍ ប៉ុន្តែអេដស៍ មិនដែលភ្លេចអ្នកឡើយ” បានដាស់តឿនឲ្យប្រពលរដ្ឋមានការភ្ញាក់រឭកឡើងវិញ ខណៈប្រជាជនភាគច្រើនយល់ថា កម្ពុជា បានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដូច្នេះធ្វើឲ្យពួកគេអាចមានភាពធ្វេសប្រហែស ហើយអាចនឹងឆ្លងមេរោគអេដស៍ថ្មីដោយប្រការណាមួយ។
ក្នុងសិក្ខាសាលានាព្រឹកនេះ ក៏មានសារអប់រំមួយទៀត បានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលរួមនោះ គឺ “ឈ្នះទាំងទូក ឈ្នះទាំងអេដស៍” ដែលនេះ ក៏ជាសារមួយអប់រំដល់កីឡាករអុំទូកទាំងអស់មិនត្រូវធ្វេសប្រហែសបណ្ដោយខ្លួនឲ្យឆ្លងមេរោគអេដស៍នៅខណៈពួកគេមកប្រកួតប្រណាំងទូកក្នុងឱកាសពិធីបុណ្យជាតិខាងមុខ។ សារនេះ មានបំណងដាស់តឿនដល់កីឡាករទាំងអស់ ត្រូវប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ ហើយមិនចម្លងដល់គ្រួសាររបស់ពួកគេនៅពេលត្រឡប់ទៅផ្ទះវិញ។
គួរជម្រាបផងដែរថា ក្នុងឱកាសនៃពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានត្រៀមស្រោមអនាម័យចំនួនជាង២០ម៉ឺនស្រោម សម្រាប់ចែកដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ដែលមកចូលរួមកម្សាន្តក្នុងពិធីនេះ ក្រៅពីសហការជាមួយសិល្បៈករ សិល្បៈការិនីក្នុងការបញ្ជ្រាបសារអប់រំដល់ពលរដ្ឋ៕
មតិយោបល់