ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុន ផ្ដល់ថវិកាជិត១លានដុល្លារបន្ថែម សម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា

ភ្នំពេញៈ គ្រាប់មីន និងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ នៅតែបន្តគំរាមកំហែងដល់សុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ហើយថែមទាំងជាឧបសគ្គបង្កការរាំងស្ទះដល់ការអភិវឌ្ឍន៍ជាតិយ៉ាងខ្លាំងផងដែរ។ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍន៍ និងស្ថាបនាប្រទេសកម្ពុជា ឡើងវិញ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណងជិត១លានដុល្លារបន្ថែមទៀត ជួយដល់អង្គការកំចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ (CMAC) ក្រោមគ្រោងការណ៍ នៃជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយលោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ីបាតា មិគីអុ ប្រធានតំណាងអង្គការ JMAS (ជេម៉ាស) ដើម្បីអនុវត្ត “គម្រោងបង្កើនសមត្ថភាពបោសសម្អាតមីនដល់ CMAC (ដំណាក់កាលទី៣)” នៅស្ថានទូតជប៉ុន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោក ស៊ីបាតា មិគីអុ ថ្លែងឲ្យដឹងថា នៅក្នុងគម្រោងឆ្នាំមុនៗ ជេម៉ាស បានបោះទីតាំងការដ្ឋានប្រតិបត្តិការស្ថិតនៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ខណៈពេលដែលមានកម្មវិធីសិក្សាបោសសម្អាតមីនរួមបញ្ចូលគ្នា យើងបានធ្វើការបណ្តុះបណ្តាលចំណេះដឹងសំខាន់ៗ និងជំនាញមូលដ្ឋានចាំបាច់នៅទីនោះ បន្ទាប់មកក៏ធ្វើការបោសសម្អាតមីនជាក់ស្តែង នៅក្នុងចម្ការមីនដោយផ្ទាល់។ ជេម៉ាស បានអនុវត្តប្រតិបត្តិការបោសសម្អាតមីន ក្នុងចម្ការមីនជាច្រើន ដែលបាន និងកំពុងសេសសល់ក្នុងឃុំ ហើយបច្ចុប្បន្នផ្ទៃដីមានមីនដែលបានបោសសម្អាតមីនរួច ត្រូវបានប្រែក្លាយជាដីសម្រាប់សាងសង់ផ្លូវ ដីកសិកម្ម និងដីសាងសង់លំនៅដ្ឋានជាដើម។

ឯកអគ្គរាជទូតជប៉ុន លោក គូម៉ាម៉ារ៉ូ យូជិ ឲ្យដឹងដែរថា នៅក្នុងឆ្នាំទី៣ នៃគម្រោងដែលទើបតែបានចុះហត្ថលេខានៅថ្ងៃនេះ រដ្ឋាភិបាលជប៉ុន ផ្តល់ជូនថវិកាសរុបចំនួន ៨៣៣,៣៣២ដុល្លាអាមេរិក ដល់អង្គការ ជេម៉ាស ដើម្បីជួយដល់ការផ្ទេរនូវបច្ចេកទេសបោសសម្អាតមីន និងការរៀបចំបង្កើតសមត្ថភាពដល់ស៊ីម៉ាក់ តាមរយៈកម្មវិធីសិក្សាថ្មីមួយ ដែលមានឈ្មោះថា “កម្មវិធីសិក្សាបោសសម្អាតមីនរួមបញ្ចូលគ្នា” ដែលជាគម្រោងបន្ទាប់តពីគម្រោងឆ្នាំទី១ និងឆ្នាំទី២ របស់អង្គការនេះ។ គម្រោងនេះ នឹងអនុវត្តជាក់ស្តែងនូវការបោសសម្អាតមីននៅក្នុងចម្ការមីនប្រមាណជា២៦០ហិកតា ក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាផ្នែកមួយនៃការបណ្តុះបណ្តាល។

លោក យូជិ បន្តថា គម្រោងនេះ ត្រូវបានផ្តោតជាសំខាន់លើគោលដៅនាពេលអនាគត ដើម្បីសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបោសសម្អាតមីន ក៏ដូចជាការបង្កើនភាពជាដៃគូជាសកល ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន ដែលជាបញ្ហាទូទៅលើឆាកអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូងរបស់ស៊ីម៉ាក់ និងកិច្ចសហប្រតិបត្តិការត្រីកោណ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងធំធេង ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលត្រូវបានអនុម័តកាលពីឆ្នាំមុននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាគោលដៅអភិវឌ្ឍន៍សហសវត្សរ៍(MDGs) ផងដែរ។

គួរជម្រាបថា បច្ចុប្បន្ន កម្ពុជា នៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលត្រូវបានកប់ក្នុងដីសល់ពីសម័យសង្រ្គាម ជាពិសេសនៅភូមិភាគពាយព្យ។ វត្តមាននៃគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ គឺមិនត្រឹមតែគំរាមគំហែងដល់សុវត្ថិភាពប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាឧបសគ្គដ៏ធំមួយសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សង្គមកិច្ច សេដ្ឋកិច្ច និងកសិកម្ម ក៏ដូចជាការអភិវឌ្ឍជនបទផងដែរ ដូច្នេះការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះទាំងអស់នេះចេញ គឺជាដំណើរការមួយដែលសំខាន់មិនអាចខ្វះបានទេ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕

japan-fund-to-cmac_21-09-16_010japan-fund-to-cmac_21-09-16_001japan-fund-to-cmac_21-09-16_007japan-fund-to-cmac_21-09-16_018japan-fund-to-cmac_21-09-16_002japan-fund-to-cmac_21-09-16_003japan-fund-to-cmac_21-09-16_004japan-fund-to-cmac_21-09-16_005japan-fund-to-cmac_21-09-16_006japan-fund-to-cmac_21-09-16_008japan-fund-to-cmac_21-09-16_011japan-fund-to-cmac_21-09-16_012japan-fund-to-cmac_21-09-16_009japan-fund-to-cmac_21-09-16_013japan-fund-to-cmac_21-09-16_016japan-fund-to-cmac_21-09-16_015japan-fund-to-cmac_21-09-16_017

មតិយោបល់