ភ្នំពេញ: កាលពីល្ងាចថ្ងៃទី៣០ មេសា សមាគមសិល្បករខ្មែរ និងសប្បុរសជនមកពីគ្រប់ទិសទីបូករួមទាំងព្រះសង្ឃ មន្ត្រីជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ សិស្សនិស្សិត សកលវិទ្យាល័យបញ្ញាសាស្រ្តផង បានជួបជុំគ្នាប្រារព្ធពិធីបុណ្យរំលឹកគុណដល់ វិរៈសិល្បៈទាំងអស់ដែលចែកឋានទៅ ជាពិសេសគឺរំលឹកដល់ស្នាដៃរបស់លោក គង្គ ប៊ុនឈឿន ដែលទើបតែបានទទួលមរណភាព។
ក្នុងពិធីនោះ ក្រៅពីមានពិធីបង្សុកូលឧទ្ទិសកុសលតាមព្រះពុទ្ធសាសនា ក៏មានសកម្មភាពដើររ៉ៃអង្គាសប្រាក់ និងការច្រៀងរាំពីសំណាក់តារាដែលចូលរួម ដើម្បីរំលឹកដល់ស្នាដៃចាស់ៗរបស់វិរៈសិល្បករ និងមានការលើកទឹកចិត្តដល់ស្នាដៃថ្មីរបស់អ្នកនិពន្ធជំនាន់ថ្មីដែលមិនចម្លងគេនោះផងដែរ។
យ៉ាងណាក៏ដោយ តារាសិល្បៈមិនសូវច្រើននោះទេ ត្រូវគេឃើញបង្ហាញវត្តមាននៅក្នុងពិធីនោះ ដោយភាគច្រើនគឺជាតន្ត្រីករ អ្នកនិពន្ធ និស្សិត និងព្រះសង្ឃច្រើនជាង។
តារាសិល្បៈដែលមានវត្តមាននៅក្នុងពិធីនោះរួមមាន លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ, កញ្ញាពេជ្រ អាវីហ្សា, អ្នកនាងឈួន សុវណ្ណឆៃ, លោកហួរ ឡាវី, អ្នកនាងម៉ៅ ស៊ីណាត, កញ្ញា សុផា លីនដា, លោកចន អេឡិចហ្សូរ៉ា, តារាសម្ដែងលោក ជេត បុរី, កញ្ញា ជូលី, លោក ម៉ាដូណា, លោក ស៊ឹម សុរ៉ាមភូមិ, លោក វី ជីវ័ន្ត, តារាកំប្លែង និងតារាសម្ដែងចាស់ក្មេងជាច្រើនរូបទៀត។
ខាងក្រោមនេះជាសកម្មភាពនៅក្នុងពិធីដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ មេសា នៅសាលាបញ្ញាសាស្រ្ត ខាងត្បូងវិមានឯករាជ្យ៖
មតិយោបល់