ភ្នំពេញៈ នៅខណៈព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៦ ដែលនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ អាជ្ញាធរគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ ជាមុនរយៈពេល៥ថ្ងៃ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ អគ្គស្នងការដ្ឋាននគរបាលជាតិ កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ ក្នុងឱកាសមុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តាផ្លូវជាតិ ដែលតភ្ជាប់ពី រាជធានីភ្នំពេញ ទៅខេត្តនានា រួមមានផ្លូវជាតិលេខ៦ លេខ៣ លេខ៤ និងលេខ៥។
យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យយកចិត្តទុកដាក់ពីសុវត្ថិភាពនាពេលធ្វើដំណើរទៅមក និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃពិធីបុណ្យ។
នៅក្នុងកម្មវិធីនេះ មានការចែកនូវខិតប័ណ្ណ ច្បាប់ចរាចរណ៍ ការបិទស្ទីកឃ័រចំណាំងផ្លាតសុវត្ថិភាពលើយានយន្ត ដែលមានភ្លើងបំភ្លឺមិនគ្រប់គ្រាន់ និងមានកម្មវិធីសួរឆ្លើយសំណួរយកមួកសុវត្ថិភាព(ឧបត្ថម្ភដោយអង្គការជនពិការអន្តរជាតិ) អាវយឺត (គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងសាធារណការ និងដឹកជញ្ជូន) និងសំបុត្រជិះរថយន្តដឹកអ្នកដំណើរទៅ ឬមកគ្រប់រាជធានី-ខេត្ត ដែលឧបត្ថម្ភដោយក្រុមហ៊ុនដឹកអ្នកដំណើរ ថោងស៊ីង ចំនួន៩៩៩សន្លឹក។ សំបុត្រនេះមានសុពលភាពចាប់ពីថ្ងៃទី៨ រហូតដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។
គួរជម្រាបថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក កាលពីឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានសម្លាប់មនុស្សចំនួន១៦នាក់ បង្កឲ្យរងរបួសរុប៦៣នាក់ ក្នុងនោះ អ្នករបួសធ្ងន់៥០នាក់ និងរបួសស្រាល១៣នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋានគរបាលជាតិ កាលពីឆ្នាំទៅ។
របាយការណ៍ក៏បញ្ជាក់ពីចំនួនគ្រោះថ្នាក់ចំនួន៤៦លើក ហើយមូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន២២លើក ស្រវឹង៨លើក មិនគោរពសិទ្ធិអាទិភាព៦លើក មិនប្រកាន់ស្តាំ៥លើក បត់គ្រោះថ្នាក់៣លើក និងបើកបរប្រជែងគ្រោះថ្នាក់២លើក៕
មតិយោបល់