ភ្នំពេញៈ បុរសម្នាក់រងរបួសបែកក្បាលសន្លប់សន្ដូកស្ដឹង ក្រោយពីបើកការប្រកួតក្បាច់គុណជាមួយមិត្តភក្តិ មួយទល់នឹងមួយ ខណៈផឹកផឹកស្រវឹងហើយទាស់សម្តីគ្នា។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១០នាទីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលរងរបួសបែកក្បាលសន្លប់ស្តូកស្ដឹងមានអាយុជាង២០ឆ្នាំ។ ចំណែកភាគីម្ខាងទៀត ក្រោយពីដណ្តើមបានជ័យជំនះបានរត់គេចខ្លួនបាត់។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន២នាក់ បានផឹកស៊ីជុំគ្នា លុះដល់ស្រវឹងរៀងៗខ្លួន ក៏ទាស់សម្តីគ្នា បបួលសាកក្បាច់គុណ មួយទល់នឹងមួយ ម្នាក់កាន់ដំបង ម្នាក់ទៀតកាន់ទីប លោតលិចលោតកើត ភ្លាត់ស្នៀត អ្នកកាន់ទីបសំពងទៅលើអ្នកកាន់ដំបង បណ្តាលឲ្យបែកក្បាលហូរឈាមសន្លប់ស្តូកស្ដឹង រីឯអ្នកឈ្នះ គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕
មតិយោបល់