កំពង់ឆ្នាំងៈ កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ ដាក់របាំសាច់អួនចំនួន៨កន្លែង នៅក្នុងភូមិសាស្ត្រ ឃុំ សំរោងសែន ស្រុកកំពង់លែង ដែលជនល្មើសលួចលាក់ ធ្វើបទល្មើសចាប់ត្រី នៅក្នុងរដូវបិទនេសាទ ។
ប្រតិបត្តិការនេះ មានការចូលរួម ពីមន្ដ្រីជំនាញ ខណ្ឌរដ្ឋបាលជលផលផ្នែកសហការជាមួយ និងសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ ។
មន្ដ្រីជលផល ដែលបានចុះបង្ក្រាប បានឲ្យដឹងថា បទល្មើសនេសាទនៅ តែកើតមានឡើង បើទោះជាសមត្ថកិច្ច និងមន្ត្រីជំនាញខិតខំចុះបង្ក្រាបចាប់ បន្តបន្ទាប់ក្តី ក៏នៅតែកើតមាន ប៉ុន្តែវាមិនមានទ្រង់ទ្រាយធំដុំនោះទេ ។ ជាក់ស្តែង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះ មាន មន្ត្រីខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង មន្ត្រីផ្នែក និងសង្កាត់ ជលផល រួមទាំងមន្ត្រីយោធា កងរាជអាវុធហត្ថ និងនគរបាលផង សរុប ចំនួន ២១នាក់ ប្រើប្រាស់កម្លាំងកាណូតបាឡាស្មាច់ចំនួន៦គ្រឿង បានចុះបង្ក្រាប បទល្មើសនេសាទដាក់របាំងសាច់អួន ក្រឡាញឹក នៅចំណុច បឹងជួនតូច ចំណុចបឹងជួនធំ ចំណុច បឹងព្រលូង និងចំណុចកោះបូ ក្នុងភូមិសាស្ត្រ ឃុំសំរោងសែន ស្រុកកំពង់លែង ។
ជាលទ្ធផលសមត្ថកិច្ច បង្ក្រាបបទ ល្មើសដាក់របាំសាច់អួនបាន ៨កន្លែង ស្មើនឹង៨៥០ម៉ែត្រ លបលូសាច់អួន១៦មាត់ បង្គោល ៣០០ដើម និងចាក់លែងត្រី៤០គីឡូចូលទន្លេវិញ ។ ក្នុងថ្ងៃនោះដែរ មន្ត្រីជំនាញបាន ប្រមូលអ្នកនេសាទ បានប្រមាណ ៣០នាក់ មកអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ បញ្ឈប់ការនេសាទដោយខុសច្បាប់ ដូចជាដាក់របាំងសាច់អួន របាំងស្បៃមុង ប្រើប្រាស់ឧបករណ៍ឆក់ត្រី ជាដើម ៕
មតិយោបល់