ថៃៈ ពលករខ្មែរចំនួន២នាក់ ត្រូវបានរថយន្តថៃបុក បណ្តាលឲ្យមានម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលពួកគេបានជិះម៉ូតូនាំគ្នាដំណើរទៅធ្វើការ ហើយក៏ត្រូវរថយន្តបង្ករេចង្កូតបុកយ៉ាងពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទី ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវបានបឹង ត្រង់បង្គោលគីឡូម៉ែត្រលេខ៨៦ ក្នុងឃុំផ្លុងតាអឿមស្រុកវ៉ាំងច័ន្ទ ខេត្តរៈយ៉ង ប្រទេសថៃ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងពាក់ស្លាកលេខ បាងកក ២៥៦៦ ជិះគ្នាដោយជនរងគ្រោះ២នាក់ ដែលជាកម្មករឆ្លងដែនមកពីប្រទេសកម្ពុជា ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ បាងកក ៥៧៦៤ បើកបរស្របទិសគ្នាបានរេចង្កូតមកបុកម៉ូតូជនរងគ្រោះចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ ប៉ើងធ្លាក់នៅក្នុងប្រឡាយកណ្តាល ផ្លូវភ្លោះ រហូតមានម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស។
ក្រោយពីកើតហេតុ កម្លាំងតម្រួតចរាចរណ៍បានចុះមកដល់ដោយបានបញ្ជូនជនរងគ្រោះដែលរងរបួសទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យវ៉ាំងច័ន្ទ។ ចំណែកសពពលករខ្មែរម្នាក់ទៀតត្រូវបានគេដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យដើម្បីរង់ចាំឲ្យខាងស្ថានទូតកម្ពុជា រៀបចំឯកសារបញ្ជូនទៅកាន់ស្រុកកំណើតនៅកម្ពុជាវិញ ៕
មតិយោបល់