កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យកម្លាំងអាកាសត្រៀមខ្លួន ដើម្បីធ្វើការវាយប្រហារនាវាផ្ទុកយន្តហោះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័កណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថា អំទ្បុងពេលនៃការណែនាំការប្រកួតជើងហោះហើរយន្តហោះចម្បាំង ក្នុងចំណោមមន្រ្តីបញ្ជាការកងទ័ពអាកាសរបស់ប្រជាជនកូរ៉េ និងកងកម្លាំងប្រឆាំងអាកាសឆ្នាំ ២០១៧ លោក គីម បាននិយាយថា «អាកាសយានិក បានទទួលជោគជ័យចំពោះការហោះហើរនៃយន្តហោះចម្បាំង ដែលការហោះហើររបស់ពួកគេ មានភាពអស្ចារ្យ ហើយពួកគេបានបង្ហាញយ៉ាងពេញលេញនៃវិទ្យាសាស្រ្តហោះហើរ និងអាកាសចរណ៍ដ៏ល្អឥតខ្ចោះ» ។
ការប្រកួតជើងហោះហើរនេះ គឺមានគោលបំណងបណ្តុះបណ្តាលមន្ត្រីបញ្ជាការទ័ពអាកាសទាំងអស់ ដើម្បីពង្រឹងសមត្ថភាពហោះហើរនៃយន្តហោះចម្បាំងរាប់រយគ្រឿងរបស់ខ្លួន សម្រាប់ការវាយកម្ទេចគោលដៅណាមួយ រួមទាំងនាវាផ្ទុកយន្តហោះសត្រូវ …និងលើកទឹកចិត្តឲ្យកងទ័ពទាំងអស់ត្រៀមខ្លួន នៅក្នុងការប្រយុទ្ធ និងបង្រួបបង្រួមជាតិ។
គួរបញ្ជាក់ដែរថា ការប្រកួតនេះ បានកើតឡើងខណៈដែលអាមេរិក កំពុងធ្វើសមយុទ្ធកងនាវាចរជាមួយកូរ៉េខាងត្បូង នៅឯឆ្នេរសមុទ្រកូរ៉េខាងត្បូង ដោយមានវត្តមាននាវាផ្ទុកយន្តហោះ Carl Vinson ចូលរួមជាមួយពួកគេផងដែរ៕
មតិយោបល់