ហ្វីលីពីនៈ អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន នៅថ្ងៃចន្ទនេះ បាននិយាយថា បុរសនាវិកវៀតណាមម្នាក់ ត្រូវបានបាញ់សម្លាប់ និងអ្នកផ្សេង ០៧នាក់ទៀត ត្រូវបានចាប់ជំរិត បន្ទាប់ពីក្រុមបុរសប្រដាប់អាវុធ ដែលគេជឿថា ជាពួកសកម្មប្រយុទ្ធឥស្លាមនិយម បានវាយប្រហារទូកនេសាទរបស់វៀតណាមមួយ កាលពីយប់ថ្ងៃអាទិត្យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
មេបញ្ជាការលោក Armand Balilo អ្នកនាំពាក្យទាហានល្បាតសមុទ្រហ្វីលីពីន បាននិយាយថា ឧប្បត្តិហេតុនោះ បានកើតឡើងវេលាម៉ោងប្រហែល ៧ និង១០ នាទីយប់ នៅសមុទ្រស៊ូលូ ចម្ងាយ ១៧ ម៉ាយពីភាគខាងជើងតំបន់ Pearl Bank ក្បែរកោះ Baguan និង Taganak ក្នុងខេត្ត Tawi-Tawi ។
លោក Balilo បាននិយាយថា ឆ្មាំសមុទ្រវៀតណាម បានជូនដំណឹងទៅឆ្មាំឆ្នេរសមុទ្រប្រទេសហ្វីលីពីន អំពីការវាយប្រហារនេះ ហើយភ្លាមៗនោះ ឆ្មាំសមុទ្រហ្វីលីពីន បានបញ្ជូនទូកដែលមានល្បឿនលឿនពីរគ្រឿង និងទាហានសមុទ្រមួយចំនួន ទៅកាន់តំបន់នោះផងដែរ។
លោកបានបន្ថែមថា ជនជាតិវៀតណាម ១៧ នាក់ ត្រូវបានសង្គ្រោះដោយក្រុមហ្វីលីពីន ដែលធ្វើការល្បាតតាមដែនសមុទ្រក្នុងតំបន់នោះ។
សូមជំរាបថា ទូកនេះ មានសមាជិកនាវិកសរុបចំនួន ២៥ នាក់ ៕
មតិយោបល់