កូរ៉េៈ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមួន បានត្រឡប់ទៅដល់មាតុភូមិវិញហើយ កាលពីថ្ងៃព្រហស្បតិ៍ ចំពេលដែលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា លោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីប្រទេស កូរ៉េខាងត្បូង។ នេះបើយោងតាមរយៈសារព័ត៌មានកូរ៉េខាងត្បូង Yonhap ចេញផ្សាយនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧។
អ្នកគាំទ្របានប្រមូលផ្តុំគ្នា នៅព្រលានយន្តហោះ ក្នុងរដ្ឋធានីសេអ៊ូល ដើម្បីទទួលស្វាគមន៍ការអញ្ចើញមកដល់លោកបាន គីមួន។ ពេលគេសួរអំពីការចូលរួម ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតី លោកមិនបានសន្យាទេ ក៏ប៉ុន្តែបានប្រាប់ថា លោកកំពុងមានទំនោរឆ្ពោះទៅកាន់ទិសដៅនេះ គឺទិសដៅធ្វើនយោបាយ។
លោកបាននិយាយទៅកាន់ហ្វូងមនុស្សថា ខ្ញុំនិយាយរួចហើយថា ខ្ញុំបានប្រុងប្រៀបផ្តល់អ្វីទាំងអស់ សម្រាប់ប្រទេសនេះ ហើយការតាំងចិត្តរបស់ខ្ញុំ នៅតែមិនផ្លាស់ប្តូរ។
លោក បាន គីមួន ត្រូវបានទទួលការគោរពយ៉ាងខ្លាំង នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយពីសកម្មភាពរបស់លោកបានតំណាងឲ្យប្រទេសខ្លួន នៅលើឆាកអន្តរជាតិ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ លោកបាន ត្រូវគេសរសេរនៅក្នុងអត្ថបទសិក្សា សម្រាប់ថ្នាក់វិទ្យាល័យ ដោយមានរៀបរាប់ពីការតស៊ូកុមារភាពរបស់លោក នៅក្នុងប្រទេសកូរ៉េ ដែលហែកហួរដោយសារសង្គ្រាម រហូតដល់លោកបានក្លាយជាមេដឹកនាំពិភពលោកម្នាក់ ក្នុងតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ៕

មតិយោបល់