អ៊ីស្រាអែលៈ ជាផ្លូវការប្រព័ន្ធចាប់មីស៊ីល David’s Sling បានចាប់ផ្ដើមប្រតិបត្តិការដាក់ពង្រាយ នៅក្នុងការប្រារព្ធពិធីមួយ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅឯមូលដ្ឋានអាកាស Hatzor របស់ប្រទេសនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៧។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា « អ្នកដែលចង់វាយប្រហារពួកយើង នឹងត្រូវទទួលការតបទៅវិញ។ អ្នកដែលចង់គំរាមកំហែងដល់ជីវិតរបស់យើង គឺកំពុង ដាក់ខ្លួនឯងនៅក្នុងភាពគ្រោះថ្នាក់ហើយ» ។
សូមជំរាបថា ប្រព័ន្ធនេះ ជាបច្ចេកវិទ្យាអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន Rafael របស់អ៊ីស្រាអែល និង Raytheon របស់អាមេរិក ជាមួយលក្ខណៈពិសេសរបស់ David’s Sling គឺអាចការពារទីក្រុង Tel Aviv ប្រឆាំងនឹងការគំរាមកំហែងមីស៊ីល និងគ្រាប់រ៉ុក្កែត ខណៈដែលប្រទេសនេះ បាននិយាយថា « ខ្លួននឹងត្រួតត្រាយផ្លូវបច្ចេកវិទ្យានៅទីនេះ ហើយអ៊ីស្រាអែល នៅតែបន្តនាំមុខលើពិភពលោក ក្នុងវិស័យនេះ។
លោក Benjamin Netanyahu បានបន្ថែមទៀតថា ប្រព័ន្ធ David’s Sling បានចូលរួមជាមួយការអភិវឌ្ឍន៍បច្ចេកវិទ្យាទប់ស្កាត់គ្រាប់រ៉ុក្កែតដូចជា Iron Dome និងប្រព័ន្ធស្ទាក់កម្ទេចកាំជ្រួច Arrow រួមគ្នា ដែលពួកវានឹងជួយការពារប្រជាពលរដ្ឋ និងទីក្រុងនានារបស់អ៊ីស្រាអែល៕
មតិយោបល់