ព័ត៌មានអន្តរជាតិ

ជំងឺអាសន្នរោគ សម្លាប់មនុស្សអស់ ៥១ នាក់ នៅប្រទេសយេម៉ែន

យេម៉ែនៈ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា ជំងឺអាសន្នរោគ បានសម្លាប់មនុស្ស ៥១ នាក់ ក្នុងរយៈពេលពីរសប្តាហ៍ ខណៈដែលមានករណីសង្ស័យថា មនុស្សប្រមាណជា ២.៧៥២ នាក់ទៀត កំពុងផ្ទុកជំងឺ នៅក្នុងប្រទេសនេះ ចាប់តាំងពីថ្ងៃទី ២៧ ខែមេសាកន្លងមក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៧។

ករណីជំងឺនេះ ត្រូវបានរាយការណ៍ពីខេត្តចំនួន ១០ ក្នុងនោះរួមមានទាំងនៅរដ្ឋធានី Sanaa ផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

តំណាងអង្គការ WHO គឺលោកវេជ្ជបណ្ឌិត Nevio Zagaria បានថ្លែងថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ជាមួយនឹងការងើបឡើងវិញ នៃជំងឺអាសន្នរោគនៅទូទាំងតំបន់ជាច្រើនក្នុងប្រទេស រយៈពេលពីរសប្តាហ៍មុន។ កិច្ចខិតខំប្រឹងប្រែង ត្រូវតែឡើងនៅពេលនេះ ដើម្បីទប់ស្កាត់ និងជៀសវាងការរីករាលដាលខ្លាំងឡើង នៅក្នុងករណីនៃជំងឺនេះ ដែលបានបង្កឲ្យអ្នកជំងឺរាគរូស និងគ្រោះថ្នាក់ដល់បាត់បង់ជីវិត។

អង្គការសុខភាពពិភពលោក បានឲ្យដឹងថា កំណើននៅក្នុងករណីជំងឺអាសន្នរោគនេះ គឺបណ្តាលមកពីប្រព័ន្ធ ថែទាំសុខភាព នៅក្នុងប្រទេសនេះ ទន់ខ្សោយ ដោយសារប្រឈមបញ្ហាជម្លោះនៃសង្គ្រាម អស់រយៈពេលពីរឆ្នាំកន្លងមកហើយ៕

មតិយោបល់