អេហ្ស៊ីបៈ ទូរទស្សន៍រដ្ឋក្នុងប្រទេស នៅថ្ងៃសុក្រ បានរាយការណ៍ថា កងកម្លាំងអាកាសអេហ្ស៊ីប បានបើកការវាយប្រហារតាមដែនអាកាសចំនួន ៦ លើក នៅក្នុងប្រយុទ្ធប្រឆាំងនឹងជំរំបណ្តុះបណ្តាភេរវកម្ម នៅទីក្រុង Darna របស់ប្រទេសលីប៊ី ដើម្បីឆ្លើយតបទៅនឹងការបាញ់ប្រហារ នៅប្រទេសអេហ្ស៊ីប ក្នុងខេត្ត Minya ដែលបានសម្លាប់ក្រុមអ្នកកាន់សាសនាគ្រឹស្ដ ២៨ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៧។
ទូរទស្សន៍រដ្ឋនេះ បានបង្ហាញរូបភាពនៃយន្តហោះចម្បាំងអេហ្ស៊ីប ធ្វើការវាយប្រហារនៅទីតាំងពួកភេរវករផងដែរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃនេះដែរ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍ថា «កងកម្លាំងអេហ្ស៊ីប បានអនុវត្តការវាយប្រហារ នៅជំរំហ្វឹកហ្វឺនភេរវកម្ម បន្ទាប់ពីករណីបាញ់ប្រហារសម្លាប់មនុស្ស នៅក្នុងប្រទេសខ្លួន»។
សូមជំរាបថា កាលព្រឹកថ្ងៃសុក្រខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ បានវាយប្រហារ ដោយបាញ់លើរថយន្តក្រុង ទៅលើក្រុមអ្នកកាន់សាសនាគ្រឹស្ដ នៅប្រទេសអេហ្ស៊ីប ក្នុងខេត្ត Minya ចម្ងាយប្រហែល ២២០ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងគែរ ដែលបានសម្លាប់មនុស្ស ២៨ នាក់ និងរបួស ២៤ នាក់៕
មតិយោបល់