ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាអេក្រង់របស់ Samsung គឺ Samsung Display បានបង្ហាញនូវអេក្រង់គំរូប្រភេទថ្មីមួយ ដែលមានលក្ខណៈយឺតដូចជាស្បែកស្គរ នៅក្នុងព្រឹត្តិការណ៍ Display Week រៀបចំឡើងដោយអង្គការ SID (The Society for Information Display) កន្លងទៅថ្មីៗនេះ។
គំរូអេក្រង់ទំហំ ៩.១ អីុញថ្មី ដែលក្រុមហ៊ុនបានយកមកបង្ហាញនេះ គឺមិនត្រឹមតែអាចបត់ និងរមូលចុះឡើងបានប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចយឹតយារតាមកម្លាំងម្រាមដៃសង្កត់ដូចជាស្បែកស្គរអីចឹងដែរ ហើយនៅពេលដកដៃចេញ វាវិលមកសភាពរាបស្មើដូចដើមវិញតែម្តង។
នៅក្នុងព្រឹត្តិការណ៍សន្និសីទស្តីពីបច្ចេកវិទ្យាអេក្រង់នោះដែរ ក្រុមហ៊ុនក៏បានបង្ហាញអេក្រង់ LCD ទំហំ ១.៩៦ អីុញ មានខ្នាតបញ្ចាំងរូបភាពរហូតដល់ទៅ 4K ឬស្មើរនឹង ៣៨៤០x២១៦០ ភិចសែល ដែលអាចយកទៅបំពាក់នៅលើវ៉ែនតា VR ឬ AR នៅថ្ងៃណាមួយ។
គួររំឭកថា កន្លងមក ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េ បានបង្ហាញអេក្រង់ OLED ទំហំ ៥.០៩ អីុញ ដែលអាចបញ្ចាំងរូបភាព 3D ដោយមិនចាំបាច់ប្រើវ៉ែនតា ប៉ុន្តែ វាត្រូវបានហិបបាត់ទៅវិញ ដោយសារតែពុំសូវមានការចាប់អារម្មណ៍។
យ៉ាងណាម៉ិញ ចំពោះអេក្រង់ប្រភេទថ្មីនោះ គេពុំទាន់ទទួលបានព័ត៌មានថា វាគ្រោងនឹងបំពាក់លើឧបករណ៍ជាក់លាក់ណាមួយ ឬនៅពេលណាពិតប្រាកដនោះទេ៕
ប្រភពព័ត៌មានៈ theverge
មតិយោបល់