ព័ត៌មានអន្តរជាតិ

ស៊ូដង់ជំរុញឲ្យនៅមជ្ឈិមប្រទេសរក្សាភាពស្ងប់ស្ងាត់ ចំពេលមានវិបត្តិការទូតជាមួយប្រទេសកាតា

ស៊ូដង់ៈ រដ្ឋាភិបាលទីក្រុង Khartoum បានសម្តែងការព្រួយបារម្ភ ជុំវិញសេចក្ដីសម្រេចចិត្ត ពីបណ្តាប្រទេសអារ៉ាប់មួយចំនួន ដើម្បីកាត់ផ្តាច់ទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងប្រទេសកាតា ដោយបានអំពាវនាវឲ្យបញ្ឈប់ការកើនទ្បើងនៃសកម្មនេះបន្តទៀត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។

ក្រសួងការបរទេសរបស់ប្រទេសស៊ូដង់ បានឲ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ក្រសួងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពអកុសលទៅលើការអភិវឌ្ឍ ក្នុងចំណោមបណ្តាប្រទេសអារ៉ាប់ ដែលជាទីស្រឡាញ់ប្រៀបបានដូចជាបងប្អូន នៅក្នុងដួងចិត្តរបស់ប្រជាជនស៊ូដង់ និងប្រទេសជាតិអារ៉ាប់ទាំងមូល»។

ក្នុងនោះក្រសួង ថែមទាំងបានសម្តែងការត្រៀមខ្លួន សម្រាប់កិច្ចប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ជាមួយប្រទេស ជាបងប្អូនទាំងអស់ ដើម្បីរក្សាភាពស្ងប់ស្ងាត់ និងការបញ្ឈប់ការកើនឡើងនូវបញ្ហាទាំងទ្បាយឲ្យត្រឡប់ទៅធម្មតាវិញ ក្នុងលក្ខណៈដើម្បីសម្រេចបានផលប្រយោជន៍នៃប្រជាជន ក្នុងតំបន់នេះ។

គួរបញ្ជាក់ដែរថា អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប, អារ៉ាប់រួម, បារ៉ែន និងប្រទេសយេម៉ែន កាលថ្ងៃចន្ទនេះ បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយប្រទេសកាតា ដោយចោទប្រកាន់ទីក្រុងដូហា គាំទ្រដល់អំពើភេរវកម្ម ដែលបានឲ្យមានការបែកបាក់ខ្លាំងបំផុត ក្នុងចំណោមបណ្តាប្រទេសមួយចំនួនដ៏ឥទ្ធិពលបំផុត នៅក្នុងពិភពអារ៉ាប់ សម្រាប់ឆ្នាំនេះ៕

មតិយោបល់