ព័ត៌មានអន្តរជាតិ

សភាអាមេរិក បោះឆ្នោតដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងលើរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង

សភាអាមេរិក បានបោះឆ្នោតគ្រាំទ្រដ៏ពេញទំហឹងមួយ ដើម្បីដាក់ទណ្ឌកម្មថ្មីយ៉ាងតឹងរ៉ឹង លើប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង និងរុស្ស៊ី ដែលសកម្មភាពនេះ កំពុងប្រឆាំងទៅនឹងវិមានក្រឹមឡាំង ក៏ដូចជាធ្វើឲ្យប្រជាជាតិនៅអឺរ៉ុប មានការព្រួយបារម្ភ ពីផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច។ នេះបើយោងតាមសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ២៦ ខែកក្កដា ឆ្នាំ២០១៧។

លោក Paul Ryan តំណែងសភាអាមេរិក បាននិយាយក្រោយការបោះឆ្នោតថា «កញ្ចប់ទណ្ឌកម្ម ដែលបានបោះឆ្នោតអនុម័ត ដោយសមាជិកសភាចំនួន ៤១៩ ទល់នឹង ០៣ សំទ្បេង បន្ទាប់ពីកិច្ចចរចាជាច្រើនសប្តាហ៍ នឹងធ្វើការរឹតបន្តឹងលើពួកសត្រូវដ៏គ្រោះថ្នាក់បំផុតរបស់យើង ដែលការធ្វើវាទ្បើងមកនេះ គឺដើម្បីរក្សាជនជាតិអាមេរិកឲ្យមានសុវត្ថិភាព»។

មកទល់ពេលនេះ វិធានការនេះ បានឈានទៅដល់ព្រឹទ្ធសភាហើយ ដែលជាកន្លែងមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ទណ្ឌកម្ម ប៉ុន្តែកំពុងធ្វើការពិភាក្សាបន្ថែមទៀតថាតើ ត្រូវដាក់ពិន័យទៅលើកូរ៉េខាងជើងយ៉ាងណា។

សូមជំរាបថា ច្បាប់នេះ គឺជាលទ្ធផលនៃកិច្ចសម្រុះសម្រួលពីសភា កាលចុងសប្តាហ៍មុន ហើយគោលបំណងធ្វើវាទ្បើង ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងវិមានក្រឹមឡាំង សម្រាប់ការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៦ និងការសាងសង់មូលដ្ឋានយោធារុស្ស៊ីនៅតំបន់គ្រីមៀ៕

មតិយោបល់