ភ្នំពេញៈ កម្មការិនីរោងចក្រម្នាក់បានមានចំណងមេត្រីភាពជាមួយបុរសកម្មករសំណង់ បង់ប្រាណរហូតមានកូនជាមួយគ្នាលុះពេលនាងឈឺពោះឆ្លងទន្លេកើតកូនក្នុងបន្ទប់ជួលហើយតែគ្មានប្តីនៅក្បែរ ព្រោះប្តីហេងស៊យនោះបានរត់ចោលតាំងពីនាងពពោះបាន៣ខែមកម្លេះ ហើយត្រូវបានពលរដ្ឋក្បែរខាងជួយ ហៅរករថយន្តសង្រ្គោះ៧១១កងពល៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពត៌មានបានឱ្យដឹងថា នាងរស់នៅតែម្នាក់ឯងដោយប្តីហេងស៊យមិនមានខាន់ស្លារត់ចោលនាងតាំងនាងមានផ្ទៃពោះបាន៣ខែមកម្លេះ តែនាងចេះតែទ្រាំធ្វើការរកលុយពពោះរហូតគ្រប់ខែឆ្លងទន្លេក្នុងបន្ទប់គ្មានអ្នកពឹងពាក់ជួយ តែមានអ្នកជួលបន្ទប់ក្បែរគ្នាឮសំលេងឈឺចាប់ របស់នាងទើបដឹងថានាងសំរាលកូន បង្ករអោយមានការភ្ញាក់ផ្អើលឡើងអ្នកភូមិស្វែងរកឡានពេទ្យ តែគ្មានឡានពេទ្យណាមកទេ ក្រោយមកមានអ្នកស្គាល់លេខរថយន្តសង្គ្រោះបន្ទាន់អង្គភាព៧១១ កងពលតូច៧០មកជួយសង្គ្រោះ រៀបចំដឹកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីអោយគ្រូពេទ្យសង្គ្រោះបន្តជិវិតម្តាយនិងកូន។

ប្រភពដដែលបានបន្តថា ប្រកាដែលគួឱ្យកត់សំគាល់នោះគឺគ្រាន់តែឃើញរថយន្តរបស់អង្គភាព៧១១ ទៅដល់ភ្លាមប្រជាពលរដ្ឋបានទះដៃសារទ ស្រែកហូរសម្តែងការអរគុណរំភើបជួសស្ត្រីនិងកូនកំសត់នេះ។

ស្ត្រីកំសត់ខាងលើនេះឈ្មោះ អ៊ុន ចិន្តា អាយុ២៨ឆ្នាំ មានស្រុកំណើតនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បច្ចុប្បន្នស្ត្រីនិងទារកកំពុងសំរាកនៅមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុងដោយមានសុខភាពល្អប្រសើរ៕
មតិយោបល់