ព័ត៌មានអន្តរជាតិ

Vietjet នឹងធ្វើការបង់ភាគលាភជាសាច់ប្រាក់ និងជាភាគហ៊ុនក្នុងអត្រា ៦០ភាគរយ

ដោយ​ផ្អែក​លើ​លទ្ធផល​អាជីវកម្ម​នៅ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ ​សម្រាប់​ត្រីមាសទី​មួយ​នៃ​ឆ្នាំ​ ២០១៧​ ក្រុម​ប្រឹក្សា​ភិបាលរបស់ក្រុ​ម​ហ៊ុន​អាកាសចរណ៍​ Vietjet (HOSE Code: VJC) បាន​ប្រកាស​ជំរុញ​ភាគ​លាភ​សម្រាប់​ឆ្នាំ​ ២០១៧ នៅ​ដំណាក់​កាល​ដំបូង​ក្នុង​អត្រា​ ២០ភាគរយ​ ក្នុង​ទម្រង់​ជា​សាច់​ប្រាក់។​ កាល​បរិច្ឆេទកំណត់​​​បញ្ជី​ម្ចាស់​ភាគហ៊ុន​​ នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០១៧។​

ជាមួយ​គ្នា​ផង​ដែរ​ បើ​យោង​តាម​ផែនការ​ចេញ​ប្រកាស ​ដែល​បាន​អនុម័ត​នៅ​ឯកិច្ច​ប្រជុំ​ភាគ​ហ៊ុន​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​នៅ​ឆ្នាំ​ ២០១៦​ និង​ផ្អែក​តាម​របាយ​ការណ៍​សវនកម្មរបស់​ KPMG សម្រាប់​​ត្រីមាស​​ដំបូង​នៃ​ឆ្នាំ​ ២០១៧ ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet បាន​យល់​ព្រម​ផ្តល់ភាគ​ហ៊ុន​បន្ថែម​ទៅ​កាន់​ម្ចាស់​ភាគ​ហ៊ុន​ក្នុង​អត្រា​​ ១០០:៤០ (ជា​ការ​ផ្តល់​ភាគ​ហ៊ុន​​ ៤០ហ៊ុនបន្ថែម​ពីលើ​ភាគ​ហ៊ុន​កម្មសិទ្ធ​ ១០០ហ៊ុន​របស់​ម្ចាស់​ភាគ​ហ៊ុន​ម្នាក់​ៗ)។

កាល​បរិច្ឆេទ​បញ្ជាក់​បញ្ជី​ឈ្មោះ​ភាគហ៊ុនិក ​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ខែ​កក្កដា​ ឆ្នាំ​ ២០១៧ បន្ទាប់​ពី​មានការ​អនុម័ត​ពី គណៈកម្មការ​មូលបត្រជាតិ​ប្រទេសវៀតណាម​ គឺក្នុង​ថ្ងៃតែមួយ​នៃកាល​បរិច្ឆេទចែក​ភាគ​លាភ​ជា​សាច់​ប្រាក់​។​

ដូច្នេះហើយ​ ភាគហ៊ុនិក​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ VietJet នឹង​ទទួល​បាន​ភាគ​លាភ​ជា​សាច់​ប្រាក់​ចំនួន​ ២០% និង​ភាគ​ហ៊ុន​បន្ថែម​ចំនួន​ ៤០% សរុប​ចំនួន​ ៦០%។​

កាល​ពី​ថ្ងៃទី​ ១០ ខែ​ឧសភា​ ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet បានធ្វើ​ការ​បញ្ចប់​បញ្ជី​ឈ្មោះ​ម្ចាស់​ភាគ​ហ៊ុនដែល​ទទួល​បានភាគ​លាភ​ជា​សាច់​ប្រាក់​សម្រាប់​ឆ្នាំ​ ២០១៦។ ដូច្នេះ​បន្ទាប់​ពី​ធ្វើ​ការ​បែង​ចែក​ភាគ​លាភ​ជា​ភាគ​ហ៊ុន​បន្ថែម​ ៤០% ម្ចាស់​ភាគហ៊ុន​ដែល​ទទួល​បាន​ភាគលាភជាភាគ​​ហ៊ុន​ និងជា​សាច់​ប្រាក់​រួច​រាល់ក្នុង​អត្រា​ ១១៩%​ សម្រាប់​ឆ្នាំ ២០១៦ នឹង​បន្តទទួល​បាន​ភាគ​លាភ​ជាមុន​ សម្រាប់​ឆ្នាំ​ ២០១៧។​​​​

គួរជម្រាបដែរថា ក្រុមហ៊ុនអាកាសចរណ៍Vietjet មានយន្តហោះចំនួន ៤៥គ្រឿង រួមមានយន្តហោះម៉ូដែល A320s និង A321s ព្រមទាំងប្រតិបត្តិការហោះហើរចំនួន ៣៥០ជើងក្នុងមួយថ្ងៃ ហើយបច្ចុប្បន្នមានប្រតិបត្តិការ ៦៣ខ្សែ នៅប្រទេសវៀតណាម និងនៅទូទាំង​តំបន់​ទៅកាន់​ទិសដៅអន្ដរជាតិដូចជាហុងកុង ថៃ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ម៉ាឡេស៊ី ប្រទេស​កម្ពុជា ​ប្រទេសចិន និងមីយ៉ាន់ម៉ា៕

មតិយោបល់