ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក កំពុងស្ថិតនៅខាងក្នុងទីតាំងរដ្ឋធានី កាន់កាប់ដ៏រឹងមាំ ដោយក្រុម ISIS នៅស៊ីរី

ស៊ីរីៈ មន្ត្រីយោធាអាមេរិកម្នាក់ នៅថ្ងៃពុធ បាននិយាយថា ក្រុមទីប្រឹក្សាយោធាខ្លួន កំពុងប្រតិបត្តិការវាយលុកចូលក្នុងទីក្រុង Raqqa របស់រដ្ឋអ៊ីស្លាម ដែលជាទីតាំងដ៏រឹងមាំរបស់ពួកភេរវករ ISIS ក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។

ប្រភពដដែរ បានឲ្យដឹងទៀតថា ក្នុងចំណោមកងទ័ពអាមេរិក ភាគច្រើនជាកងកម្លាំងប្រតិបត្តិពិសេស បានធ្វើការវាយលុកតាមបទបញ្ជា និងផ្ដល់នូវការគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលស៊ីរី ។

អ្នកនាំពាក្យកងកម្លាំងចម្រុះ លោក Colonel Ryan Dillon បានបន្ថែមថា កម្លាំងយោធាអាមេរិក បាននឹងកំពុងគាំទ្រ ពួកយុទ្ធជនក្នុងតំបន់ ដែលមកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ។

យ៉ាងណាមិញ លោក Dillon បានបញ្ជាក់ថា ពួកគេមិនមានតួនាទីប្រយុទ្ធដោយផ្ទាល់នោះទេ ប៉ុន្តែកំពុងអំពាវនាវឲ្យមានការវាយប្រហារតាមដែនអាកាស។

ពាក់ព័ន្ធនឹងចំនួនកងកម្លាំងអាមេរិកនៅទីនោះ លោកបាននិយាយថា វាមិនមានច្រើនដល់រាប់រយនាក់នោះទេ សម្រាប់កងកម្លាំងយោធារបស់អាមេរិក ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសស៊ីរីនោះ។

បច្ចុប្បន្ន អង្គការសហប្រជាជាតិ បានហៅស្ថានភាពមនុស្សធម៌ នៅក្នុងទីក្រុង Raqqa ថា កំពុងស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ បន្ទាប់ពីកងកម្លាំង SDF ដែលគាំទ្រដោយអាមេរិក បានវាយលុកចូលក្នុងទីក្រុង តាំងពីខែមុន៕

មតិយោបល់