តួកគីត្រៀមខ្លួនបញ្ចេញទឹកប្រាក់ ២,៥ ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី

តួកគីៈ រដ្ឋាភិបាលក្រុងអាន់ការ៉ា និងមូស្គូ ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងគ្នាទិញ និងលក់ចេញនូវប្រព័ន្ធប្រឆាំងមីស៊ីលទំនើប S-400 ដែលរុស្ស៊ី នឹងត្រូវបញ្ជូនវាចំនួនពីរគ្រឿង ដើម្បីជាការនាំយកនូវបច្ចេកវិទ្យាទៅកាន់ប្រទេសតួកគី ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg កាលពីថ្ងៃពុធ បានឲ្យដឹងថា ភាគីទាំងពីរ បានធ្វើកិច្ចព្រមព្រៀងនេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៦ មកម្លេះ ដោយបានយល់ព្រមលើតម្លៃ នៅក្នុងកិច្ចសន្យា ដែលនឹងមានទំហំទឹកប្រាក់ចំនួន ២,៥ ពាន់លានដុល្លារ។

យ៉ាងណាមិញពាក់ព័ន្ធបញ្ហានេះដែរ គឺមិនទាន់បានកំណត់ពេលវេលា ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ ខណៈដែលប្រទេសទាំងពីរ កំពុងតែពិភាក្សាគ្នាអំពីទិដ្ឋភាពបច្ចេកទេស ដោយមន្ត្រីតួកគីម្នាក់ សុំមិនបញ្ចេញឈ្មោះ បានបន្ថែមថា ការចរចារនេះ ត្រូវបានគេរំពឹងទុកថា ប្រហែលជានឹងប្រើពេលដល់ទៅមួយឆ្នាំឯណោះ។

ក្នុងចំណោមមូលដ្ឋាននៃកិច្ចព្រមព្រៀងនេះ វាមិនត្រឹមតែផ្តោតទៅលើការនាំយកអាវុធទំនើបនេះ ចូលទៅក្នុងប្រទេសតួកគីប៉ុណ្ណោះទេ ប៉ុន្តែក៏មានទាំងបច្ចេកវិទ្យាផងដែរ៕

មតិយោបល់