បង់ក្លាដែស: ប៉ូលិសម្នាក់បានស្លាប់និងមនុស្ស ១០នាក់រាប់បញ្ចូលទាំងប៉ូលិសបានរងរបួស ខណៈដែលក្រុមប៉ូលិសបានបាញ់តដៃគ្នាជាមួយក្រុមសកម្មប្រយុទ្ធ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅច្រកចូលពិធីបុណ្យអធិស្ឋាន Sholakia Eid នៅស្រុក Kishoreganj ដែលមានចម្ងាយប្រហែល ១១៧គីឡូម៉ែត្រ ភាគឦសាននៃក្រុងដាកា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។
ក្រុមជំនុំធំបំផុតនៃពិធីបុណ្យអធិស្ឋាន Eid នៅបង់ក្លា ដែសត្រូវបានប្រារព្ធឡើងនៅក្នុងឱកាសនៃពិធីបុណ្យ Eid ul-Fitr គឺជាការបញ្ចប់នៃខែតមអាហារបរិសុទ្ធនៃបុណ្យរ៉ាម៉ាដានម៉ូស្លីម នៅពេលដែលការបំផ្ទុះបានកើតឡើង។
បើតាមសាក្សីបានរៀបរាប់ឮការបំផ្ទុះជាច្រើនដងនិងការបាញ់កាំភ្លើងនៅកន្លែងកើតហេតុនៅម៉ោងប្រហែល ៩និង៣០នាទីព្រឹកម៉ោងនៅក្នុងស្រុក។
វាមិនត្រូវបានគេដឹងភ្លាមៗថាតើនរណាបានចាប់ផ្តើមការវាយប្រហារដោយគ្រាប់បែកនេះ។
មន្ត្រីប៉ូលិសម្នាក់បានប្រាប់ស៊ីនហួពីស្រុក Kishoreganj ថាវិធានការសន្តិសុខត្រូវបានបង្កើនឡើងបន្ទាប់ពីឧប្បត្តិហេតុនៃការផ្ទុះគ្រាប់បែកនិងបាញ់កាំភ្លើងដែលក្នុងនោះមានប៉ូលិសម្នាក់ត្រូវបានសម្លាប់ និង ១០នាក់ រួមទាំងមានប៉ូលិសពី ៥ ទៅ ៦នាក់បានរងរបួសផងដែរ។
មន្ត្រីប៉ូលិសដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាយើងកំពុងពិនិត្យតាមដានស្ថានការណ៍នេះយ៉ាងដិតដល់។ វាមិនត្រូវបានគេដឹងភ្លាមៗថាតើក្រុមវាយប្រហារនេះបានរត់គេចខ្លួនពីកន្លែងកើតហេតុឬត្រូវបានចាប់ខ្លួនដោយប៉ូលិស។ អ្នកគោរពបូជាប្រមាណជាង ៣០០.០០០នាក់ បានអធិស្ឋាននៅក្នុងតំបន់មួយដែលគេហៅថា Sholakia ។
សូមបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងប្រហែលមួយសប្តាហ៍ បន្ទាប់ពីក្រុមភេរវករបានវាយប្រហារនៅភោជនីយដ្ឋានមួយកន្លែងនៅក្នុងទីក្រុងដាកា ដែលក្នុងនោះមានមនុស្ស ២០នាក់ រួមទាំងជនបរទេស ១៨នាក់ត្រូវបានសម្លាប់៕
មតិយោបល់