ព័ត៌មានអន្តរជាតិ

វាយប្រហារដែនអាកាសរបស់អាមេរិកនៅស៊ីរី សម្លាប់ជនស៊ីវិល ៣០ នាក់

ស៊ីរីៈ យ៉ាងហោចណាស់ជនស៊ីវិល ៣០ នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីការវាយប្រហារដែនអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក នៅទីតាំងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ក្នុងទីក្រុង Raqqa (IS) ភាគខាងជើងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស កាលពីថ្ងៃអង្គារ បាននិយាយថា « ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺមានស្ត្រី ០៩នាក់ និងកុមារ ១៤ នាក់ផងដែរ»។

ក្នុងនោះ SOHR បានបន្ថែមទៀតថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលតួលេខអ្នករងរបួសធ្ងន់ នៅពេលនេះមានជាច្រើននាក់។

សូមជំរាបថា ការវាយប្រហារនេះ បានធ្វើទ្បើងដោយក្រុមចម្រុះ ដែលដឹកនាំដោយអាមេរិក បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមឃឺដ ដឹកនាំដោយកងកម្លាំងប្រដាប់អាវុធស៊ីរី (SDF) ក្នុងការដណ្ដើមយកមកវិញនៅទីក្រុង Raqqa ពីពួក IS ដែលបច្ចុប្បន្នក្រុម SDF អាចគ្រប់គ្រងនៅទីក្រុងនេះ បាន ៥៥ % ហើយ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលពីរខែកន្លងទៅ។

ទោះជាយ៉ាងនេះក្ដី ក៏ការសម្លាប់ជនស៊ីវិលជារៀងរាល់ថ្ងៃ បានរុញច្រានឲ្យរដ្ឋាភិបាលស៊ីរី ធ្វើការថ្កោលទោសក្រុមចម្រុះ ដែលដឹកនាំដោយអាមេរិកនៅទីក្រុង Raqqa ថា ជាអំពើខុសច្បាប់ និងស្នើឲ្យអង្គការសហប្រជាជាតិ រំលាយក្រុមនេះចោល៕

មតិយោបល់