ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងធ្វើឲ្យនគរបាលខណ្ឌសែនសុខ ចេញមកព្រោងព្រាតហើយបានត្រឹមឈរមើលនិងស្តាប់ការរៀបរាប់របស់ម្ចាស់ផ្ទះនិងជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលត្រូវក្រុមចោរចូលលួចយកទៅបាត់តែប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ផាន់ ទិត្យា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ធ្វើការនៅហាង ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានចេញពីធ្វើការនៅពេលយប់ហើយបានទុកម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BI-9312 ក្រោមជណ្ដើរក្នុងបរិវេនផ្ទះជួល ហើយក៏ឡើងទៅដេកក្នុងបន្ទប់ជួលរបស់ខ្លួនជាន់ទី២ លុះព្រឹកថ្ងៃទី៩ វេលាម៉ោងខាងលើស្រាប់តែឮសម្លេងម្ចាស់ផ្ទះជួលបានស្រែកឆោឡោថាចោរៗ គាត់ក៏ចុះមកមើលប៉ុន្តែក្រុមចោរជិះគេចខ្លួនបាត់អស់ទៅហើយ។
ប្រភពពីម្ចាស់ផ្ទះជួលបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកនិងស្លាកលេខបានជិះចូលទៅក្នុងផ្ទះរបស់គាត់តែមិនបានចាប់អារម្មណ៍ ព្រោះស្មានថាជាអ្នកជួលផ្ទះដូចគ្នា លុះដល់ជនសង្ស័យជិះចេញដឹងថាបាត់ម៉ូតូទើបមានការភ្ញាក់ផ្អើលឡើងដល់នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីនិងនគរបាលខណ្ឌនាំគ្នាចេញមកកន្លែងកើតហេតុព្រោងព្រាតប៉ុន្តែបានត្រឹមឈស្តាប់ការរៀបរាប់ពីជនរងគ្រោះនិងម្ចាស់ផ្ទះតែប៉ុណ្ណោះ។
ម្ចាស់ផ្ទះបន្តថាកន្លែងផ្ទះជួលគាត់ធ្លាប់បាត់ម៉ូតូចំនួន៣លើកមកហើយមិនដែលឃើញសមត្ថកិច្ចចាប់ជនល្មើសបានម្តងណាទេ។
ក្រោយកើតហេតុជនរងគ្រោះជាម្ចាស់ម៉ូតូបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី៕
មតិយោបល់