ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងបណ្តុះបណ្តាល រួមទាំងដំទ្បើងប្រព័ន្ធប្រកាសអាសន្ន នៅខេត្តចំនួន ៩ ចំពេលមានការគំរាមកំហែងពីកូរ៉េខាងជើង

ជប៉ុន: រដ្ឋាភិបាលក្រុងតូក្យូ នឹងធ្វើការបណ្តុះបណ្តាលនៅក្នុងខេត្តចំនួន ៩ នៅទូទាំងប្រទេស ទៅលើប្រព័ន្ធផ្ដល់សញ្ញាអាសន្ន ដើម្បីបង្កើនការប្រុងប្រយ័ត្នថ្នាក់ជាតិ នៅក្នុងករណីកូរ៉េខាងជើង បាញ់មីស៊ីលទៅកាន់កោះហ្គាម។ នេះបើយោងតាសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។

កាលពីសប្តាហ៍មុនយោធាកូរ៉េខាងជើង បានប្រកាសពីផែនការបាញ់មីស៊ីលចំនួន ០៤ គ្រាប់ ទៅកាន់មូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម នាពាក់កណ្តាលខែសីហានេះ ហើយបើតាមការសន្និដ្ឋា មីស៊ីលដែលបាញ់នោះ នឹងហោះឆ្លងកាត់ខេត្ត Shimane, Hirosima និង Kochi របស់ប្រទេសជប៉ុន។

ពាក់ព័ន្ធបញ្ហានេះ ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃសៅរ៍ បានអនុវត្តវិធានការឆ្លើយតប ជាមួយនឹងការគំរាមគំហែងនេះ ដោយបានដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល Patriot Advanced Capability-3 (PAC-3) នៅក្នុងខេត្តទាំងបីខាងលើផងដែរ។

យោងតាមការផ្សាយទូរទស្សន៍ NHK របស់ជប៉ុន បានឲ្យដឹងថា ប្រព័ន្ធត្រួតពិនិត្យ និងផ្ដល់សញ្ញាអាសន្នជាតិ J-Alarm នឹងត្រូវបានដំទ្បើងនៅក្នុងខេត្ដចំនួន ៦ ទៀត រួមមាន Torroti, Okayama, Yamaguchi, Tokushima, Kagawa និង Ehime ។

គួរបញ្ជាក់ដែរថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានបន្តកើនឡើងកាន់តែខ្លាំង ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីការរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងកូរ៉េខាងជើង ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៧ ដើម្បីឆ្លើយតបនឹងការបាញ់មីស៊ីលផ្លោងអន្តរទ្វីប របស់ទីក្រុងព្យុងយ៉ាងជាលើកទីពីរ នៅក្នុងខែកក្កដា៕

មតិយោបល់