ព័ត៌មានជាតិ

ម៉ូតូរម៉កដឹកសត្វគោ បត់មិនប្រយ័ត្នទៅម៉ូតូឌ្រីម បណ្តាលឲ្យបុរសម្នាក់ស្លាប់

សៀមរាបៈ លោកវរសេនីយ៍ទោ ទេព ពុំសែន អធិការស្រុកពួក បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូរម៉ក បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ចំណុចផ្លូវបំបែក ភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

មុនពេលកើតហេតុ គេឃើញមានម៉ូតូរម៉កដឹកសត្វគោ ជិះដោយឈ្មោះ ណម ទូច ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប(ក្រោយពេលកើតហេតុរត់គេចខ្លួន) បើកទិសដៅពីត្បូងទៅជើង លុះពេលមកដល់ផ្លូវកែងចំណុចកើតហេតុខាងលើ បានបត់ឆ្វេងត្រូវបាន
បុកជាមួយម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1E- 2219 ជិះដោយឈ្មោះ សឿន វូច ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិច បណ្ដាលឲ្យអ្នកបើកបរម៉ូតូហុងដាឌ្រីម ស្លាប់នៅកន្លែងកើតហេតុ និងខូចខាតម៉ូតូ១គ្រឿង។

មូលហេតុ ភាគីទាំង២បើកបរខ្វះការប្រុងប្រយ័ត្នចំណុចផ្លូវបំបែកជាបី។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានធ្វើការវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿងនិងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ឯសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់