ព័ត៌មានអន្តរជាតិ

ផ្ទុះការប៉ះទង្គិចគ្នានៅក្នុងគុកប្រទេសវ៉េណេស៊ុយអេឡា មនុស្ស ៣៧ នាក់ ត្រូវស្លាប់យ៉ាងរង្គាល

វ៉េណេស៊ុយអេឡាៈ តាមអាជ្ញាធរក្នុងប្រទេស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៧ នាក់ នៅក្នុងពន្ធនាគារភាគខាងត្បូង ប្រទេសវ៉េណេស៊ុយអេឡា បានស្លាប់យ៉ាងរង្គាល កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីការប្រយុទ្ធគ្នាដ៏ធំមួយ បានផ្ទុះឡើងរវាងពួកអ្នកទោស និងមន្ត្រីសន្តិសុខ។ នេះបើយោងតាមរយៈសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

អភិបាលរដ្ឋ Amazonas លោក Liborio Guarulla បាននិយាយថា «អំពើហិង្សានេះ បានចាប់ផ្តើមកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃអង្គារ នៅក្នុងពន្ធនាគារ Puerto Ayacucho» ដោយលោកបានលើកទ្បើងថា «កងកម្លាំងសន្តិសុខ បានចូលទៅក្នុងបរិវេណនោះ ក្នុងគោលបំណងដើម្បីស្តារសណ្តាប់ធ្នាប់នៅក្នុងគុក បន្ទាប់ពីទីនោះ ត្រូវបានអ្នកទោសដណ្ដើមយកគ្រប់គ្រងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ»។

លោកបានបន្ថែមថា « នៅពេលយប់នោះ កងកម្លាំងពិសេស បានបង្ហាញខ្លួន រួមជាមួយនឹងការបាញ់កាំភ្លើង ហើយការប្រយុទ្ធគ្នាក៏បានផ្ទុះទ្បើង ដែលបណ្ដាលឲ្យមានការស្លាប់យ៉ាងរង្គាល»។

សូមជំរាបថា ការបង្ហូរឈាមនេះ ត្រូវបានគេចាត់ទុកថា ជាអំពើហឹង្សាដ៏អាក្រក់បំផុត នៅវ៉េណេស៊ុយអេឡា ដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីការបះបោរនៅក្នុងគុកកាលពីឆ្នាំ ២០១៣ បណ្ដាលឲ្យមនុស្ស ៦១ នាក់ស្លាប់៕

មតិយោបល់