ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអ៊ីរ៉ាក់ បើកការវាយប្រហារសម្លាប់សមាជិក ISIS ចំនួន ២៨ នាក់នៅស៊ីរី

ស៊ីរីៈ កងកម្លាំងអ៊ីរ៉ាក់ បាននិយាយថា ពួកគេបានសម្លាប់សមាជិកអ៊ីស្លាមអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធ Levant ដែលត្រូវបានគេស្គាល់ថា ISIS ចំនួន ២៨នាក់ បន្ទាប់ពីធ្វើការវាយប្រហារតាមអាកាសពីរលើក នៅភាគខាងកើតប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។

ក្រុមមន្ត្រីសន្តិសុខ បានប្រាប់សារព័ត៌មាន Associated Press កាលពីថ្ងៃសុក្រថា យន្តហោះចម្បាំង F-16 ជាច្រើនគ្រឿង បានតម្រង់ទិសដៅវាយប្រហារ ទៅលើទីតាំងជួបប្រជុំគ្នានៃអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ដែលមានបំណងបើកការវាយលុកគោលដៅនានា នៅអ៊ីរ៉ាក់ ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Eid al-Adha។

ដោយសមាជិកក្រុម ISIL ប្រហែល ២០ នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាស ខណៈ ៨នាក់ទៀតបានស្លាប់ បន្ទាប់ពីការវាយឆ្មក់ជាលើកទី២ នៅទីតាំងផ្សេងគ្នា។

ក្រុមមន្រ្តីបាននិយាយថា គោលដៅទាំងពីរ ស្ថិតនៅក្នុងប្រទេសស៊ីរី នៅជិតព្រំដែនអ៊ីរ៉ាក់។

សូមជំរាបថា កងកម្លាំងអាកាសអ៊ីរ៉ាក់ បានធ្វើការវាយប្រហារជាច្រើន ទៅលើទឹកដីដែលកាន់កាប់ដោយក្រុម ISIL នៅស៊ីរី ចាប់តាំងពីខែធ្នូកន្លងមក បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Hyder al-Abadi បានប្រកាសទទួលជ័យជម្នះ លើក្រុមប្រដាប់អាវុធ៕

មតិយោបល់