ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖​ ល្បែងសង្រ្គាមអាមេរិក និងកូរ៉េខាងត្បូង នឹងកើតមានគ្រោះមហន្ដរាយនាពេលខាងមុខ

កូរ៉េៈ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គ្រោងនឹងបន្តធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលគេហៅថា Ulchi Freedom Guardian (UFG) នៅដើមសប្តាហ៍ក្រោយ បើទោះបីមានការព្រមាន ពីកូរ៉េខាងជើងថា ការធ្វើសមយុទ្ធនេះ នឹងធ្វើឲ្យស្ថានភាពនៅលើឧបទ្វីបកូរ៉េ កើតមានគ្រោះមហន្តរាយ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។

នាយកចលនាប្រឆាំងសង្រ្គាម ANSWER មានមូលដ្ឋាននៅរដ្ឋកាលីហ្វរញ៉ា លោក Brian Becker បានឲ្យដឹងកាលពីថ្ងៃអង្គារថា សមយុទ្ធយោធារួមនេះ ត្រូវបានគេមើលឃើញថា ជាការប្រកួតល្បែងសង្រ្គាម ជាមួយនឹងទីក្រុងព្យុងយ៉ាង ខណៈរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បានប្រាប់សមាជិកសភានៅទីក្រុងសេអ៊ូលថា លទ្ធភាពដ៏អស្ចារ្យមួយពីសមយុទ្ធ UFG នឹងជំរុញឲ្យកូរ៉េខាងជើង អនុវត្តការបង្កហេតុ ឬយុទ្ធសាស្ត្រណាមួយ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងការធ្វើសមយុទ្ធយោធារួម UFG នេះ។

សូមជំរាបថា សង្រ្គាមពាក្យសម្ដីរវាងកូរ៉េខាងជើង និងអាមេរិក នឹងមិនបង្អាក់ដល់ផែនការរបស់កងកម្លាំងអាមេរិក នៅកូរ៉េខាងត្បូង ដើម្បីធ្វើសមយុទ្ធយោធា ដែលមានការចូលរួមពីទាហាននៃប្រទេសទាំងពីររាប់សិបពាន់នាក់នោះទេ។

លោក Gen. Joe Dunford ប្រធានរដ្ឋបាលរួម និងជាទីប្រឹក្សាយោធាជាន់ខ្ពស់របស់អាមេរិក បានមានប្រសាសន៍ថា សេតវិមានមិនខ្វល់ពីអ្វីដែលកូរ៉េខាងជើងលើកទ្បើងនោះទេ ហើយអាមេរិក នឹងនៅតែបន្តធ្វើសមយុទ្ធនេះ ដើម្បីរក្សានូវភាពត្រៀមខ្លួនកម្រិតខ្ពស់ ក្នុងការឆ្លើយតបនឹងការគំរាមកំហែងនានា៕

មតិយោបល់