សិង្ហបុរីៈ កងនាវាចរអាមេរិក នៅព្រឹកថ្ងៃចន្ទនេះ បាននិយាយថា សាកសពនាវិកខ្លួនទាំង ១០នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីនាវាពិឃាតអាមេរិក John S. McCain បានបុកគ្នាជាមួយនាវាដឹកប្រេងមួយគ្រឿង អំឡុងពេលធ្វើដំណើរនៅក្បែរច្រកសមុទ្រម៉ាឡាក់កា មកកាន់ប្រទេសសិង្ហបុរី កាលពីដើមសប្តាហ៍មុន ត្រូវបានរកឃើញហើយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ពីកងទ័ពជើងទឹកអាមេរិក បាននិយាយថា សាកសពនាវិកចំនួន ០៨ នាក់ ទើបត្រូវបានគេរកឃើញ តាមរយៈការស្វែងរកនៅកន្លែងផ្សេងៗ បន្ទាប់ពីបំណែករបស់នាវា USS John S. McCain បានលិចលង់ ខណៈដែលសាកសពនាវិកពីរនាក់ក្នុងចំណោមនោះ ត្រូវបានគេរកឃើញកាលពីសប្តាហ៍មុន។
សូមជំរាបថា ឧប្បត្តិហេតុខាងលើនេះ ត្រូវបានគេចាត់ទុកថា ជាគ្រោះថ្នាក់ដ៏ធំបំផុតទី០៤ នៅក្នុងកងនាវាចរអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក សម្រាប់ឆ្នាំនេះ ដែលវាបានជំរុញឲ្យមានការស៊ើបអង្កេត រួមទាំងការផ្អាកប្រតិបត្តិការចរាចរណ៍នាវា ជាបណ្តោះអាសន្នផងដែរ ដើម្បីសុវត្ថិភាព៕
មតិយោបល់