ព័ត៌មានអន្តរជាតិ

ជប៉ុនថាវាជាពេលវេលាបង្កើនសម្ពាធ មិនមែនកិច្ចចរចាជាមួយកូរ៉េខាងជើងទេ

ជប៉ុនៈ រដ្ឋាលភិបាលក្រុងតូក្យូ កាលពីថ្ងៃចន្ទ បានលើទ្បើងថា វាមិនមែនជាពេលវេលា ដែលកូរ៉េខាងត្បូងត្រូវបន្ទាបខ្លួន ដើម្បីធ្វើកិច្ចចរចាយោធា ជាមួយកូរ៉េខាងជើងនោះទេ ដោយសំអាងថា គួរតែដាក់សម្ពាធលើក្រុងព្យុងយ៉ាង តាមរយៈទណ្ឌកម្មវិញ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ ១៨ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក Norio Maruyama បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉កថា «នេះគឺជាពេលមួយ គួរបង្កើនសម្ពាធលើកូរ៉េខាងជើង ក្នុងគោលបំណង ដើម្បីធ្វើកិច្ចពិភាក្សាដ៏ស៊ីជម្រៅមួយ ។

ការថ្លែងបែបនេះ បានធ្វើទ្បើងក្រោយពីក្រសួងការពារជាតិកូរ៉េខាងត្បូង បានស្នើឲ្យមានកិច្ចប្រជុំមួយ នៅថ្ងៃទី២១ ខែកក្កដាខាងមុខ នៅឯប៉ុស្តិ៍ព្រំដែន ក្នុងភូមិប៉ាន់មីនជូមរបស់កូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីក្រុងព្យុងយ៉ាង បានសាកល្បងបាញ់មីស៊ីលផ្លោងអន្តរទ្វីបរបស់ខ្លួន នៅពេលថ្មីៗនេះ។

សូមជំរាបថា ប្រសិនបើកិច្ចប្រជុំនេះត្រូវបានដំណើរការទ្បើងមែននោះ វានឹងក្លាយជាកិច្ចចរចាផ្លូវការលើកដំបូងមួយ រវាងប្រទេសទាំងពីរ ដែលពុំធ្លាប់មានកន្លងមក ចាប់តាំងពីមានភាពតានតឹងនឹងគ្នា នៅជិតព្រំដែនកាលពីឆ្នាំ ២០១៥។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលជប៉ុនគាំទ្រការដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ប៉ុន្តែក៏បានស្នើទៅកាន់ប្រទេសរុស្ស៊ី និងចិនឲ្យធ្វើការបន្ថែមទៀត ដើម្បីអនុវត្តយ៉ាងពេញលេញនូវវិធានការបច្ចុប្បន្នរបស់ពួកគេ លើចំណងសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើងផងដែរ៕

មតិយោបល់