ព័ត៌មានជាតិ

រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនតេលា បានក្រឡាប់ហៀរប្រេងពេញផ្លូវ ស្របពេលប៉ះគ្នាជាមួយម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់រងរបួស!

កំពង់ស្ពឺៈ លោក តាប់ លន ស្នងការរងទទួលផែនការសណ្តាប់ធ្នាប់និងចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនតេលា និងម៉ូតូជិះស្របទិសគ្នាពីខាងលិចនៅកើត បានប៉ះគ្នា បណ្តាលឲ្យរថយន្តក្រឡាប់ហូរប្រេងពេញផ្លូវ និងរបួសម្នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង១៥នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិដំណាក់ស្មាចលើ ផ្លូវជាតិលេខ៤៤ គីឡូម៉ែតលេខ២៨និង២៩ ក្នុងឃុំវាលពង់។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កហេតុជាប្រភេទរថយន្តធុនធំ ហើយជារបស់ក្រុមហ៊ុនតេលា ដែលផ្ទុកប្រេងបានចំណុះ៣០០០លីត្រ។ ចំណែកឯម៉ូតូជនរងគ្រោះម៉ាកសង់ការ៉េ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរយន្តនិងម៉ូតូ ដែលបង្កហេតុបានជិះ និងបើកបរស្របទិសគ្នាពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុម៉ូតូក៏បានបត់នៅពីមុខរថយន្ត ទើបបណ្តាលឲ្យប៉ះគ្នា ហើយរថយន្តក៏បានរ៉េចង្កូតក្រឡាប់ និងហៀរប្រេងម៉ាស៊ូតចេញពាសពេញផ្លូវ និងផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ហើយបង្កឲ្យរងរបួសមនុស្សម្នាក់ផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ៕

មតិយោបល់