ព័ត៌មានអន្តរជាតិ

ថៃ ពុំទាន់មានគម្រោងដកហូតលិខិតឆ្លងដែន របស់អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់នោះទេ

ថៃៈ រដ្ឋមន្ត្រីការបរទេសថៃ នៅថ្ងៃអង្គារនេះ បាននិយាយថា ក្រសួងមិនមានគម្រោង លុបចោលលិខិតឆ្លងដែន របស់អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នោះទេ បន្ទាប់ពីលោកស្រី បានភៀសខ្លួនចេញពីប្រទេស កាលពីសប្តាហ៍មុន ដោយមិនបានបង្ហាញខ្លួន សម្រាប់ការប្រកាសសាលក្រម របស់តុលាការពាក់ព័ន្ធនឹងរឿងធ្វេសប្រហែស ក្នុង​កម្មវិធី​ឧបត្ថម្ភ​អង្ករជួយ​កសិករ ក្នុង​ពេល​លោកស្រី​កាន់អំណាច។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៧។

លោកស្រី យីងឡាក់ មានអាយុ ៥០ឆ្នាំ ត្រូវបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសថៃ នៅក្នុងឆ្នាំ ២០១១ ដែលលោកស្រី គឺជាប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានបណ្តេញចេញពីតំណែង ដោយរដ្ឋប្រហារយោធា កាលពីថ្ងៃទី ១៩ កញ្ញា ឆ្នាំ២០០៦។

សូមជំរាបថា លោកស្រី បានអវត្តមាននៅក្នុងសនវការ​ជំនុំជម្រះរឿងក្ដីរបស់ខ្លួន កាលពីថ្ងៃសុក្រ ដោយបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្ររាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល ខណៈសមាជិកគណបក្សជាន់ខ្ពស់លោកស្រី បាននិយាយថា លោកស្រីបានភៀសខ្លួនទៅកាន់ទីក្រុងឌូបៃ។

លោកស្រីយីងឡាក់ បានកាន់លិខិតឆ្លងដែនថៃពីរ ដោយទី១ជាលិខិតឆ្លងដែនធម្មតា និងទី២ជាលិខិតឆ្លងដែនការទូត ហើយក៏អាចនឹងមានកាន់កាប់លិខិតឆ្លងបរទេសដទៃទៀតផងដែរ។

ឆ្លើយតបទៅនឹងសំណួរដែលលើកទ្បើងថា តើក្រសួងនឹងដកហូតលិខិតឆ្លងដែន របស់លោកស្រី យីងឡាក់ ដែរឬទេ? រដ្ឋមន្ត្រីក្រសួងការបរទេស លោក Don Pramudwinai បានប្រាប់អ្នកយកព័ត៌មានថា នៅពេលនេះ គឺមិនទាន់របាយការណ៍ ឬការស្នើសុំណាមួយ ពាក់ព័ន្ធនឹងបញ្ហានេះ ដល់ក្រសួងនៅទ្បើយទេ ហេតុដូច្នេះ ក្រសួងក៏មិនទាន់មានវិធានការអីដែរ៕

មតិយោបល់