ព័ត៌មានជាតិ

កាត់ទោសបុរសជនជាតិអង់គ្លេសម្នាក់រឿង រស់នៅប្រទេសកម្ពុជាខុសច្បាប់ និងឆបោក!

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ លោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស បុរសជនជាតិអង់គ្លេសម្នាក់ ពាក់ព័ន្ធសំណុំរឿង ចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ និងឆបោក។

លោក ខៀវ ផល្លា ជាតំណាងអួយ្យការបានចោទប្រកាន់ជនជាប់ចោទឈ្មោះ TOBY JAMIE NELHAMS ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិ អង់គ្លេស ពីបទ៖
១.លួចចូលមកស្នាក់នៅប្រទេសកម្ពុជា និងធ្វើការងារដោយខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន គ្មានសៀវភៅការងារ
២.ប្រើប្រាស់ឯកសារដែលមានឈ្មោះផ្សេងពីឈ្មោះរបស់ខ្លួន
៣.ឆបោក

យោងតាមមាត្រា២៩ មាត្រា៣១ និងមាត្រា ៣២ នៃច្បាប់អន្តោប្រវេសន៍ និងមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទបាន ច្រានចោលការចោទប្រកាន់របស់តុលាការ ដោយអះអាងថា លិខិតឆ្លងដែនរបស់គេទើបតែបាត់នៅក្នុងថ្ងៃដែលនគរបាលចាប់ខ្លួនតែប៉ុណ្ណោះ។

ដោយឡែករឿងឃាតកម្មនោះរូបគេមិនបានដឹងទេ ព្រោះរូបគេបានមករស់នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៥មកម្ល៉េះ។

ជនជាប់ចោទនិយាយថា អំឡុងរស់នៅក្នុងប្រទេសកម្ពុជា រូបគេបាន បើកគេហទំព័រ លក់ផលិតផលតាម Online។

យោងតាមអំណានចម្លើយរបស់សាក្សីឈ្មោះ Graham William Hall បានអះអាងថា ជនជាប់ចោទ និងជនរងគ្រោះឈ្មោះ Tony Kenway ជាមនុស្សស្គាល់គ្នា និងរកស៊ីជាមួយគ្នានៅប្រទេសថៃ។

សាក្សីដដែលបន្ដថា ជនជាប់ចោទ និងជនរងគ្រោះ បានឈ្លោះគ្នាដោយសាររឿងលុយ ៨,៥០០,០០០បាត ទើបនាំឲ្យមានរឿងឃាតកម្មលើឈ្មោះ Tony កើតឡើង។

គួររំលឹកថា ជនជាប់ចោទឈ្មោះ TOBY JAMIE NELHAMS ត្រូវបានសមត្ថកិច្ចនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧កន្លងទៅ ដោយជាប់ពាក់ព័ន្ធក្នុងការបាញ់សម្លាប់ ជនរងគ្រោះឈ្មោះ Tony Kenway ជាពាណិជ្ជករ ជនជាតិអង់គ្លេស នៅខេត្ត Chon Buri កាលពីពេលថ្មីៗនេះហើយបានរត់គេចខ្លួន ចូលប្រទេសកម្ពុជា។

លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងក្រុងភ្នំពេញ បានចេញដីកាឃុំខ្លួន ជនជាច់ចោទកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ បាន សម្រេចចេញដីកា ឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។

ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ៕

https://youtu.be/33ljIMKYs7A

មតិយោបល់