ព័ត៌មានអន្តរជាតិ

កងកម្មង់ដូយោធា ១០នាក់ និងទ័ពព្រៃកុម្មុយនីស Naxals ៣ នាក់ស្លាប់ ក្នុងការវាយប្រហារនៅរដ្ឋ Bihar

ឥណ្ឌាៈ ក្រុមមន្ត្រីនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា យ៉ាងហោចណាស់កម្មង់ដូយោធា ១០ នាក់ នៃកងកម្លាំងប៉ូលិសបម្រុងកណ្តាលរបស់ឥណ្ឌា (CRPF) ត្រូវបានសម្លាប់ និង ៥នាក់ទៀតរងរបួស បន្ទាប់ពីក្រុមទ័ពព្រៃកុម្មុយនីស Naxals វាយប្រហារពួកគេនៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។

ក្រុមទ័ពព្រៃកុម្មុយនីស Naxals ដែលបានស្ទាក់វាយប្រហារ បុរសជាសមាជិករបស់ CRPF ម្នាក់ កាលពីយប់ថ្ងៃចន្ទ ដោយការផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ នៅតំបន់ព្រៃ Sondaha ជាប់ព្រំដែន Gaya និងស្រុក Highway ចម្ងាយប្រហែល ១៧២ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Patna ក្នុងរដ្ឋ Bihar។

បើតាមមន្ត្រីបាននិយាយថា ក្រុមទ័ពព្រៃកុម្មុយនីស Naxals បីនាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ដាក់គ្នាជាមួយកងកម្មង់ដូយោធា CRPF នៅក្នុងតំបន់នោះ។

ក្នុងនោះដែរ កងកង់ម្ម៉ង់ដូយោធាចំនួន ៨នាក់ ត្រូវបានសម្លាប់នៅនឹងកន្លែង និងពីរនាក់ទៀតបានស្លាប់ បន្ទាប់ពីជម្លៀសចេញពីកន្លែងកើតហេតុ ខណៈដែល ៥នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។

អតីតនាយករដ្ឋមន្រ្តីឥណ្ឌាលោក Manmohan Singh បានហៅថាចលនា របស់ក្រុមទ័ពព្រៃកុម្មុយនីស Naxalite ថា ” ជាបញ្ហាប្រឈមសន្ដិសុខផ្ទៃក្នុងធំបំផុតរបស់ឥណ្ឌា”៕

មតិយោបល់